(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យ បានដឹកនាំមន្ត្រីខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមក្នុងពិធីបុណ្យសពលោកបណ្ឌិត រ៉េត វុធ ជំនួយការសម្តេចពិជ័យសេនា ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧៖២៥នាទី ក្នុងជន្មាយុ៤៧ឆ្នាំ ដោយរោគាពាធ។
បច្ចុប្បន្ននេះ សពរបស់លោកបណ្ឌិត រ៉េត វុធ បានតម្កល់ធ្វើបុណ្យតាមប្រពៃជាព្រះពុទ្ធសាសនា នៅវត្តសំរោងអណ្តែត នៅសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកស្រី អ៉ឹង ម៉ាលេនី ព្រមទាំងក្រុមគ្រួសារ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បាន ពាំនាំនូវសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងសាររំលែកទុក្ខ របស់ខុទ្ទកាល័យសម្តេចពិជ័យសេនា។ ក្នុងនាមមន្ត្រីខុទ្ទកាល័យ សូមចូលរួមរំលែកទុក្ខនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយអ្នកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសព ដោយសេចក្តីសង្វេគជាទីបំផុត។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានចាត់ទុកថា មរណភាពរបស់លោកបណ្ឌិត រ៉េត វុធ គឺជាការបាត់បង់មន្ត្រី ដែលជាបញ្ញាវ័ន្តប្រកបដោយសមត្ថភាពមួយរូប ដែលបានលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាង និងពេលវេលា រួមចំណែកយ៉ាងសំខាន់ក្នុងការបំពេញភារកិច្ចនៅខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀបាញ់ បានលើកកម្ពស់វិស័យអប់រំ រក្សាសន្តិភាព និងមនុស្សធម៌នៅកម្ពុជា មានភាពរីកចម្រើនជាបន្តបន្ទាប់។
ក្នុងនាមមន្ត្រីខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ លោកឧត្តមសេនីយ៍ឯក ខៀវ ឆន សូមចូលរួមរំលែកទុក្ខនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយអ្នកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសព ដោយសេចក្តី សង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធលោកបណ្ឌិត រ៉េត វុធ បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន ក៏បានពាំនាំថវិកាចំនួន១១លានរៀល និង១,៧៥០ដុល្លារអាមេរិក ជូនអ្នកស្រី អ៉ឹង ម៉ាលេនី ព្រមទាំងក្រុមគ្រួសារ ដើម្បីរៀបចំពិធីបូជាសពលោកបណ្ឌិត រ៉េត វុធ តាមប្រពៃណី សាសនា និងបានផ្តាំផ្ញើដល់ក្មួយៗ ដែលជាកូនសពលោកបណ្ឌិត រ៉េត វុធ បន្តខិតខំរៀនសូត្រដោយយកគម្រូ តាមសមត្ថភាពរបស់ឪពុកខ្លួន ដែលបានខិតខំសិក្សារៀនសូត្រ មានវិជ្ជាជីវៈខ្ពង់ខ្ពស់ចូលរួមបម្រើជាតិ ក្នុងនាមប្រជា ពលរដ្ឋដ៏ល្អមួយរូប៕