(ព្រុចសែល)៖ ជនសង្ស័យបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋានព្រុចសែល ដែលអាជ្ញាធរកំពុងតែស្វែងរកនោះ មានផែនការវាយប្រហារស្ថានីយថាមពលនុយក្លេអ៊ែរបែលហ្ស៊ិក ប៉ុន្តែបានប្ដូរគោលដៅវាយប្រហារ នេះបើយោងតាមការចេញផ្សាយរបស់កាសែតក្នុងស្រុក និងត្រូវបានដកស្រង់ដោយសារព័ត៌មាន RT នៅល្ងាចថ្ងៃទី២៤ ខែមីនា។
បុរសឈ្មោះ Khalid និង Ibrahim El Bakraoui ត្រូវជាបងប្អូនប្រុសនឹងគ្នា ហើយក៏ជាជនសង្ស័យពីរនាក់ក្នុងចំណោម៣នាក់ ដែលប៉ូលិសបែលហ្ស៊ិក បានកំណត់មុខសញ្ញាថា ជាជនសង្ស័យដែលបានបំផ្ទុះគ្រាប់បែកនៅកណ្ដាលទីក្រុងព្រុចសែល។
កាសែតដដែលបានចេញផ្សាយទៀតថា ពីរនាក់បងប្អូនេះ បានរៀបចំផែនការកាត់ផ្ដាច់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅស្ថានីយថាមពលនុយក្លេអ៊ែរបែលហ្ស៊ិក ដោយព័ត៌មាននេះ ត្រូវបានប្រភពជិតស្និទ្ធនឹងក្រុមស៊ើបការសម្ងាត់បានលួចបង្ហើបឲ្យដឹង។តាមពិតទៅគម្រោងវាយប្រហារនេះគឺត្រូវបានធ្វើឡើងស្របគ្នាទៅនឹងករណីវាយប្រកាសនៅកណ្ដាលទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែវិច្ឆិកា បណ្ដាលឲ្យមនុស្ស ១៣០នាក់ស្លាប់ និងរបួសជាច្រើននាក់។
ភស្ដុតាងមួយចំនួនទៀត ដែលអាចបញ្ជាក់បាននោះគឺក្រោយការស៊ើបអង្កេតទៅលើ Apartment របស់ Khalid និង Ibrahim El Bakraoui បានរកឃើញថា ទាំងពីរនាក់បងប្អូននេះ មានផែនការវាយប្រហារប្រទេសបែលហ្ស៊ិក។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារកន្លងទៅនេះ មានករណីបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋាន និងនៅផ្លូវក្រោមដីក្នុងទីក្រុងព្រុចសែល ដោយបានសម្លាប់មនុស្ស ៣៤នាក់ និងរបួសជាង ២៥០នាក់ ហើយករណីបំផ្ទុះនោះគឺជាទង្វើរបស់ក្រុម ISIS៕