(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការនៅទីស្ដីការក្រសួងទេសចរណ៍ សូមចាត់ចែងឱ្យកូនចៅរបស់ខ្លួនដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ តទៅ ពោលគឺរៀងរាល់ម៉ោង ២៖០០ នាទីរសៀល ដល់ម៉ោង ៥៖០០ នាទីល្ងាច។

ក្នុងលិខិតជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ទីកន្លែងដែលផ្ដល់ការវ៉ាក់សាំងនេះ រួមមាន៖

* មន្ទីរពេទ្យកាល់ម៉ែត សម្រាប់កូនចៅរបស់ថ្នាក់ដឹកនាំដែលមានឋានៈរដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។

* មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់កូនចៅថ្នាក់ដឹកនាំដែលមានឋានៈអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ។

* មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (វត្តភ្នំ) និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សម្រាប់នៅកូនចៅរបស់មន្ត្រីរាជការដែលមានឋានៈប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា។

លិខិតជូនដំណឹងដដែលខាងលើ ក៏បានបញ្ជាក់អំពីឯកសារភ្ជាប់នៅពេលទៅទទួលការចាក់វ៉ាក់សាំងផងដែរ គឺរួមមាន៖

* សេចក្ដីចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ១ ច្បាប់

* សេចក្ដីចម្លងសំបុត្រកំណើត ឬលិខិតឆ្លងដែនរបស់កូនចៅ ១ ច្បាប់៕

ខាងក្រោមនេះជាលិខិតជូនដំណឹងរបស់ក្រសួងទេសចរណ៍៖