(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញក្តីរំពឹងជាថ្មីថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់ នឹងសម្រេចក្នុងអំឡុងពេល៧-៨ខែ មុនការកំណត់ក្នុងផែនការមេ ដោយសារតែការចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ន មានល្បឿនលឿន ខណៈដែលកម្ពុជាអាចរកវ៉ាក់សាំងបានជាបន្តបន្ទាប់។
លោករដ្ឋមន្រ្តីសុខាភិបាល បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Johnson & Johnson ជំហានទី១ ចំនួន ៤៥០.៥00 ដូស ដែលជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សំាងសរុបចំនួន ១ លានដូសជាជំនួយរបស់សហរដ្ឋអាមេរិកតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ជូនរាជរដ្ឋាភិបាលកម្ពុជា ខណៈជំហានទី២ នឹងមកដល់នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ខាងមុខ។
លោករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បាននិងកំពុងដំណើរការយ៉ាងសកម្ម ក្នុងគោលដៅសម្រេចឱ្យបានការចាក់វ៉ាក់សាំង ជូនប្រជាជនចំនួន ១០លាននាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅត្រឹមខែមិថុនា ឆ្នាំ២០២២។ ជាមួយនឹងល្បឿននៃការចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្ន យើងសង្ឃឹមថាការចាក់ វ៉ាក់សាំងជូនប្រជាជនគោលដៅ ចំនួន១០លាននាក់នឹងសម្រេចផែនការ ក្នុងអំឡុង ៧ទៅ៨ខែ មុនពេលវេលាកំណត់នៅក្នុងផែនការមេ»។
រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារជីវិតប្រជាពលរដ្ឋ ជាពិសេសមន្រ្តីសុខាភិបាលជួរមុខ អ្នកដែលប្រឈមខ្ពស់ទៅនឹងការឆ្លងជំងឺកូវីដ-១៩ ឬអ្នកដែលងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារតែវីរុសកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តផ្ការីក ក្នុងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយអនុលោមទៅតាម ផែនការជាតិស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ គោលការណ៍ណែនាំប្រតិបត្តិសម្រាប់យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកូវីដ-១៩ និងពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងផែនការយុទ្ធសាស្រ្តស្តីពីយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រេចបានភាពស៊ាំសហគមន៍កម្ពុជានៅឆ្នាំ២០២១។
យោងតាម «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» ដែលដាក់ចេញកាលពីខែឧសភា ឆ្នាំ២០២១ គឺរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ឱ្យរួចរាល់នៅឆ្នាំ២០២២ ខាងមុខនេះ។ តាមផែនការរៀបចំដោយរាជរដ្ឋាភិបាល បានបញ្ជាក់ថា នៅខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាគ្រោងទទួលវ៉ាក់សាំង ៣លានដូស, ខែមិថុនា នឹងទទួលបានវ៉ាក់សាំង ៣លានដូស, ខែកក្កដា នឹងទទួលបានវ៉ាក់សាំង ១លានដូស, ខែសីហា នឹងទទួលបានវ៉ាក់សាំង ១លានដូស និងខែកញ្ញា នឹងទទួលបានវ៉ាក់សាំង ១,៥លានដូស។ ដោយឡែក តាមការគ្រោងនេះដែរ នៅក្នុងឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ១០,៤៣០,៦០០ដូស ផងដែរ។
លោក ម៉ម ប៊ុមហេង បានបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ដោយការខិតខំរួមផ្សំនឹងការចូលរួមកម្លាំងសរុបរបស់រាជរដ្ឋាភិបាល មន្រ្តីសុខាភិបាល គ្រូពេទ្យស្ម័គ្រចិត្ត និងគ្រូពេទ្យកងទ័ព ព្រមទាំងអាជ្ញាធរមូលដ្នាន ក្រុមប្រជាជនគោលដៅ សរុប ៧១,៣១% នៃ ១០លាននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩។ លើសពីនេះទៀត ដោយការគិតគូពីសុខភាពរបស់ចៅៗនៅទូទាំងប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ចៅៗ មានអាយុពី១២ ដល់អាយុក្រោម១៨ឆ្នាំ។
ទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ លោកបានអង្វករដល់ពលរដ្ឋគ្រប់រូបត្រូវបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន អំពីវិធីការពារខ្លួនគឺ «៣ការពារ និង៣កុំ»។ ៣ ការពាររួមមាន ពាក់ម៉ាស់ លាងដៃញឹកញាប់ជាមួយអាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាព យ៉ាងតិច១,៥ម៉ែត្រ ហើយសកម្មភាពគួរចៀសវាងទាំងបីរួមមាន កុំទៅកន្លែងបិទជិត កន្លែងមានមនុស្សកុះករកកកុញ និងកុំចាប់ដៃពេលជួបគ្នា។ សូមនៅផ្ទះប្រសិនបើអ្នកមានគ្រុនក្តៅ ឬសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ និងសូមស្វែងរកជំនួយសុខាភិបាលភ្លាមៗ៕