(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគថ្មី Detal ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។

ទន្ទឹមនឹងនេះរដ្ឋបាលខេត្ត ស្នើស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកមេឃុំ-ចៅសង្កាត់ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល ចូលរួមអនុវត្តតាមខ្លឹម សារសេចក្តីសម្រេចខាងលើ ដោយស្មារតីទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូន សាធារណៈជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចូលរួមអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាល និងសេចក្តី ណែនាំនានារបស់ក្រសួងសុខាភិបាល ដែលមាននៅជាធរមាន។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមនម្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។

យោងតាមសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។ ក្នុងសេចក្តីសម្រេច បានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។

ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តពោធិ៍សាត់៖