(ភ្នំពេញ)៖ សម្រាប់វិញ្ញាសាកីឡាវាយសី ក្នុងព្រឹត្តិការណ៍ Goodwill Mekong Games 2016 បានបញ្ចប់ការប្រកួតទាំង ស្រុងហើយនៅថ្ងៃទី២៤ ខែមីនានេះ ដោយក្រុមកីឡាវាយសីកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេរហូតដល់ទៅ ៥គ្រឿង ក្នុងនោះរួមមាន មេដាយមាស ៤គ្រឿង និងមេដាយប្រាក់ ១គ្រឿង ខណៈកម្ពុជាទទួលបានមេដាយសរុប ១៧គ្រឿងពីព្រឹត្តិការណ៍ប្រចាំតំបន់ដងទន្លេមេគង្គមួយនេះ ។
លោកឧត្តមសេនីយ៍ត្រី ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងពីប្រទេសថៃនៅល្ងាច នេះថា «នៅក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យសហព័ន្ធយើងខ្ញុំ បញ្ជូនអត្តពលិក ៨នាក់ និងគ្រូបង្វឹក ២រូបទៅចូលរួម ដើម្បីធ្វើការប្រកួតប្រជែងលើ ៥វិញ្ញាសាផ្សេងៗគ្នា» ។
លោកបន្ដថា កីឡាករ-កីឡាការិនីវាយសីកម្ពុជា ធ្វើបានយ៉ាងល្អបំផុត នៅក្នុងការប្រកួតរយៈពេល ២ថ្ងៃកន្លងមកនេះ ដោយដណ្ដើមបានមេដាយមាស៤គ្រឿង និងប្រាក់១គ្រឿង ហើយសមិទ្ធផលទាំងនេះ គឺដណ្ដើមបានពីវិញ្ញាសាវាយ ទោលបុរស ឈ្នះមេដាយមាស ក្រោយឈ្នះកីឡាករមកពីមីយ៉ាន់ម៉ា, ឡាវ, ថៃ និងចិន រីឯផ្នែកនារី ក៏កីឡាការិនី កែ ពេជ្រឆរ៉ាវី របស់កម្ពុជា ឈ្នះមេដាយមាសដែរ បន្ទាប់ពីយកឈ្នះថៃ, ឡាវ និងចិន ។
ដោយឡែក វិញ្ញាសាវាយគូបុរស ក្រុមកីឡាករកម្ពុជា សៅ មុនី និង ចេង ភារុំ ដណ្ដើមបានមេដាយមាស ក្រោយឈ្នះ ក្រុមកីឡាករមីយ៉ាន់ម៉ា, ឡាវ, ថៃ និងចិន ប៉ុន្ដែក្រុមកីឡាការិនីកម្ពុជា បានឈ្នះមេដាយប្រាក់ ក្នុងវិញ្ញាសាវាយគូនារីនេះ ព្រោះប្រកួតឈ្នះឡាវ និងចិន តែចាញ់ថៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។ ចំណែកវាយវិញ្ញាសាវាយឌុបចម្រុះ ប្រុស-ស្រី គឺកីឡាករ យ៉ាន កុសល និងកីឡាការិនី អ៊ុង វលក្ខទេវី ក៏ដណ្ដើមបានមេដាយមាសដែរ ក្រោយយកឈ្នះក្រុមមីយ៉ាន់ម៉ា, ឡាវ, ថៃ និង ចិន ។
ជាមួយនឹងការដណ្ដើមបានស្នាដៃយ៉ាងល្អជូនជាតិនេះលោក ជាម សុភា បានលើកឡើងថា សមិទ្ធផលទាំងនេះ គឺកើតឡើងដោយសារការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ លើការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីវាយសីកម្ពុជា ឲ្យមានសមត្ថភាព ទើបពួកគេមានឱកាសបានបញ្ចេញសមត្ថភាពលើឆាកអន្ដរជាតិ រហូតដណ្ដើមបានមេដាយយ៉ាងច្រើនដូច្នេះ ៕