(ភ្នំពេញ)៖ បេសកកម្មពេញមួយថ្ងៃ ទៅកាន់ខេត្តចំនួន៣ រួមមាន ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់ និងខេត្តសៀមរាប របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងការនាំអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងដែលមានអាយុចាប់ពី១០០ឆ្នាំឡើង និងអ្នកទី៧លាន បានបញ្ចប់ដោយជោគជ័យ។
បេសកកម្មពេញមួយថ្ងៃរបស់លោកស្រី ឱ វណ្ណឌីន ក្នុងនាមជាសេនាធិការជូនសម្ដេចតេជោ នាយករដ្ឋមន្ដ្រី នាំយកអំណោយជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងនេះ បានផ្ដើមតាំងពីព្រឹកព្រលឹម រហូតបិទបញ្ចប់នៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ជាមួយនឹងស្នាមញញឹមរបស់អ្នកទទួលបានអំណោយដ៏ថ្លៃថ្លានេះ។
ផ្ដើមចេញពីខេត្តកំពង់ឆ្នាំង លោកស្រី ឱ វណ្ណឌីន បាននាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា អាយុ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។ លោកតាដែលស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះ ឈ្មោះ អាត់ អ៊ុន អាយុ១០០ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា អាត់ អ៊ុន និងភរិយា ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់លោកតា និងលោកយាយ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។
លោកតា អាត់ អ៊ុន បើទោះបីអាយុ១០០ឆ្នាំក៏ពិតមែន ប៉ុន្ដែស្ថានភាពសុខភាពនៅមាំទាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្ការជំងឺកូវីដ១៩ ហើយលោកតាផ្ទាល់ក៏បានទទួលនូវវ៉ាក់សាំងនេះ បូកទាំងអំណោយរបស់សម្ដេចថែមទៀត។
ឆ្លើយនឹងសំណួររបស់លោកស្រី ឱ វណ្ណឌីន ពាក់ព័ន្ធស្ថានភាពសុខភាពក្រោយចាក់វ៉ាក់សាំងនេះ លោកតាបានរៀបរាប់ថា សុខភាពរបស់លោកតា និងប្រពន្ធដែលមានអាយុ៨៦ឆ្នាំ គឺល្អប្រសើរទាំងអស់មិនមានអ្វីខុសប្លែកនោះទេ ពោលធម្មតាទាំងអស់ទាំងការហូបចុក និងការស្នាក់នៅប្រចាំថ្ងៃ។
ក្រោយបញ្ចប់បេសកកម្មនៅខេត្តកំពង់ឆ្នាំងភ្លាម មិនបង្អង់យូរឡើងលោកស្រី ឱ វណ្ណឌីន បានដឹកនាំក្រុមការងារបន្ដដំណើរទៅកាន់ខេត្តពោធិ៍សាត់ ដោយនាំយកថវិការបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនលោកយាយ សឿ ស៊ន អាយុ១១៣ឆ្នាំ ដែលមានទីលំនៅភូមិដំណាក់ធ្នង់ ឃុំខ្នារទទឹង ស្រុកបាកាន។
ឆ្លៀតសំណេះសំណាលក្នុងឱកាសនោះ លោកស្រីប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក៏បានសាកសួរអំពីចំណាប់អារម្មណ៍របស់លោកយាយ ដែលមានអាយុ១១៣ឆ្នាំ ក្រោយទទួលបានការចាក់វ៉ាក់សាំងដោយស្ម័គ្រ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើទោះបីមិនអាចនិយាយច្បាស់ៗ លឺៗដូចមនុស្សមានកម្លាំងមាំមួន លោកយាយដែលមានជន្មាយុ១១៣ឆ្នាំ បានលើកឡើងថា លោកយាយមានក្ដីសប្បាយរីករាយ នៅពេលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកយាយបញ្ជាក់ទៀតថា គាត់មានបំណងចាក់វ៉ាក់សាំងនេះយូរណាស់មកហើយ ប៉ុន្ដែពេលនេះទើបមានឱកាស។
លោកយាយបានបន្ដទៀតថា ក្រោយទទួលបានការចាក់វ៉ាក់សាំង លោកយាយមានសុខភាពល្អធម្មតា មិនមានអ្វីប្រែប្រួលនោះទេ ពោលនៅទទួលទានអាហារបានឆ្ងាញ់ និងសម្រាកលក់ស្កប់ស្កល់ដូចសព្វមួយដង។ លោកយាយថា មូលហេតុដែលគាត់សម្រេចចិត្តចាក់វ៉ាក់សាំង គឺដោយសារខ្លាចឆ្លងជំងឺកូវីដ១៩។
ក្រោយពិធីប្រគល់ និងទទួលរួចរាល់ លោកស្រី ឱ វណ្ណឌីន បានស្រួតរួសរាន់ចាកចេញពីខេត្តពោធិ៍សាត់ ដើម្បីបន្ដដំណើរឆ្លងកាត់ខេត្តបាត់ដំបង, បន្ទាយមានជ័យ ដើម្បីឆាប់បានទៅដល់ខេត្តសៀមរាប ជាទីដែលលោកស្រីត្រូវប្រគល់អំណោយថវិកា១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន របស់សម្ដេចតេជោ ហ៊ុន សែន ជូនអ្នកចាក់វ៉ាក់សាំងទី៧លាន។
លោកយាយ ចាន់ ឃីម អាយុ៦៧ឆ្នាំ រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទី៧លាន បានបង្ហាញពីទឹកចិត្ដសប្បាយ ត្រេកអរយ៉ាងខ្លាំង ដែលទទួលបានថវិកាឧបត្ថម្ភ ចំនួន១០លានរៀល និងស្បៀងឧបភោគ-បរិភោគ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។
លោកស្រី ឱ វណ្ណឌីន ក៏បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក ការនឹករលឹករបស់សម្ដេចតេជោ និងជូនពរលោកយាយ ឲ្យមានសុខភាពល្អ ជាពិសេសអាយុកាន់តែវែង និងការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ និងជួយណែនាំដល់ចៅៗ និងពលរដ្ឋក្នុងសហគមន៍ ឲ្យចេះការពារខ្លួន ព្រោះបច្ចុប្បន្ននេះ បរិបទនៃការចម្លងនៃវីរុសកូវីដ១៩ កំពុងតែឋិតនៅក្នុងការព្រួយបារម្ដយ៉ាងខ្លាំង។
នាឱកាសនោះ លោកយាយ ចាន់ ឃីម ក៏បានលើកឡើងពីសុខភាពក្រោយចាក់វ៉ាក់សាំងថា «ក្រោយចាក់វ៉ាក់សាំងហើយ សុខភាពខ្ញុំល្អធម្មតា ហូបបាយបាន សម្រាន្ដក៏លក់ ខ្ញុំសប្បាយចិត្ដណាស់ សុខភាពល្អហើយ បានការពារជំងឺកូវីដ១៩ទៀត»។ ជាងនេះទៅទៀតលោកយាយ ក៏បានអំពាវនាវដល់ពលរដ្ឋ ដែលមិនទាន់បានទៅចាក់វ៉ាក់សាំង សូមទៅចាក់ការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។
បើទោះបីបញ្ចប់ការប្រគល់អំណោយនេះ សូរិយារៀបអស្តង្គតបន្ដិចមែន ប៉ុន្ដែលោកស្រី ឱ វណ្ណឌីន មិនទាន់សម្រាកនោះទេ ដោយត្រូវបន្ដដំណើរទៅប្រគល់អំណោយជូនលោកយាយឈ្មោះ ចិន មៀច ដែលមានអាយុ១០២ឆ្នាំ រស់នៅភូមិអរក្រៅ សង្កាត់គោចក ក្រុងសៀមរាប ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
គួរជម្រាបថា បេសកកម្មពេញមួយថ្ងៃតាំងពីព្រលឹម ដល់យប់នេះបានបញ្ចប់ដោយជោគជ័យក៏ពិតមែន ប៉ុន្ដែលោកស្រី ឱ វណ្ណឌីន មិនទាន់បញ្ចប់ទាំងស្រុងនូវបេសកកម្មដ៏សំខាន់មួយនេះទេ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកស្រី ឱ វណ្ណឌីន បានអះអាងថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះ លោកស្រីនឹងបន្ដដំណើរទៅកាន់ខេត្តព្រះវិហារ និងខេត្តកំពង់ធំបន្ដទៀត ដើម្បីប្រគល់ថវិកាជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំង ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ចំនួន៦នាក់បន្ថែមទៀត។
យ៉ាងណាមិញ ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន ក៏បានថ្លែងនូវសារអំពាវនាវ និងណែនាំមួយចំនួនដល់ប្រជាពលរដ្ឋដើម្បីបន្ដចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនាពេលបច្ចុប្បន្ននេះ។ វីរុសបំប្លែងថ្មីប្រភេទ Delta កំពុងបង្កជាក្ដីព្រួយបារម្ភយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលទាមទារឲ្យប្រជាពលរដ្ឋចូលរួមគោរព និងអនុវត្តតាម។
មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានគូសបញ្ជាក់ជាចំណុចសំខាន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការជាបន្ដបន្ទាប់ មានទាំងការបិទខ្ទប់ និងការដាក់ចេញនូវបំរាមគោចរ ព្រមទាំងវិធានការផ្សព្វផ្សាយអប់រំ ប៉ុន្ដែវិធានការទាំងអស់នេះ ត្រូវទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋជាចាំបាច់បំផុត៕