(ភ្នំពេញ)៖ តំបន់អង្គរ តំបន់ឆ្នេរសមុទ្រ និងរាជធានីភ្នំពេញ ដែលជាគោលដៅទេសចរដ៏សំខាន់នៅកម្ពុជា កំពុងទទួលបានចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីក្រុមអ្នកវិនិយោទុនឥណ្ឌា។ នេះបើតាម លោក ទិត ចន្ថា អ្នកនាំពាក្យរបស់ក្រសួងទេសចរណ៍កម្ពុជា។
ក្រុមអ្នកវិនិយោគទុនឥណ្ឌាមួយក្រុម ដឹកនាំដោយ លោក Shirish Deshpande ហើយគាំទ្រដោយ ស្ថានទូតឥណ្ឌា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ។ នៅក្នុងជំនួបនោះ ពួកគាត់បានចាប់អារម្មណ៍ខ្ពស់ទៅនឹងសក្តានុពលទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា។
លោក ទិត ចន្ថា អ្នកនាំពាក្យរបស់ក្រសួងទេសចរណ៍ បាននិយាយថា នៅក្នុងជំនួបនេះ ក្រុមអ្នកវិនិយោគិនឥណ្ឌា បានអះអាងប្រាប់លោករដ្ឋមន្រ្តីថា ពួកគេចង់វិនិយោគលើវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់គោលដៅ សំខាន់ៗដូចជា តំបន់អង្គរ តំបន់ឆ្នេរសមុទ្រ និងរាជធានីភ្នំពេញ។
លោក ទិត ចន្ថា បាននិយាយថា ក្រុមអ្នកវិនិយោគទុនឥណ្ឌាទាំងនោះ ចង់បង្កើតជាលក្ខណៈរមនីយដ្ឋានកែច្នៃ ដោយមានកន្លែងកម្សាន្ត សណ្ឋាគារ កីឡាទេសចរ រួមទាំងសួនកម្សាន្តទំនើបលក្ខណៈធំៗជាដើម ហើយស្នើឱ្យក្រសួងទេសចរណ៍ ជួយផ្តល់យោបល់ និងសម្រួលដល់កិច្ចការផ្សេងៗ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្តែងភាពរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍ របស់ក្រុមអ្នកវិនិយោគិនឥណ្ឌា។ លោកចាត់ទុកថា ការទទួលបានចំណាប់អារម្មណ៍របស់ពីក្រុមវិនិយោគិនបរទេសថ្មី លើវិស័យទេសចរណ៍នេះ គឺជាផលវិជ្ជមានថ្មីទៀតរបស់សកម្ពុជា។
របាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឆ្នាំ ២០១៥ កន្លងមកនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៤,៧៨លាននាក់ បន្តកើនឡើង ៦,១ % បើធៀបនឹងឆ្នាំ២០១៤ ក្នុងនោះក៏មានភ្ញៀវទេសចរឥណ្ឌាប្រមាណ ៣៦ពាន់នាក់ផងដែរ៕