(ភ្នំពេញ)៖ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រលប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបកស្រាយចំពោះវិធានការរដ្ឋបាល នៅរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា អំឡុងពេលអនុវត្តវិធានការរដ្ឋបាល គ្រប់ផ្សារ ភោជនីយដ្ឋាន និងកន្លែងលក់អាហារ-ភេសជ្ជៈនៅរាជធានីភ្នំពេញ អាចដំណើរការបាន តែត្រូវលក់វិចខ្ចប់ ហើយត្រូវផ្អាកនៅពេលយប់ចន្លោះម៉ោង៩ ដល់ម៉ោង៣ រយៈពេល១៤ថ្ងៃ។
លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា «គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែក អាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការជាប្រក្រតី ប៉ុន្តែត្រូវប្រកបអាជីវកម្មរបស់ខ្លួន ត្រឹមតែជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ ដោយមិនត្រូវ អនុញ្ញាតអោយ អតិថិជនចូលមកទទួលទាននៅក្នុងបរិវេណ អាជីវកម្មដ្ឋាន របស់ខ្លួនឡើយ ហើយត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពរបស់ខ្លួន ពីចន្លោះ ម៉ោង៩យប់ ដល់ម៉ោង៣ភ្លឺ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពី ម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១»។
សូមបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់គិតពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
អំឡុងពេលវិធានការរដ្ឋបាលនេះ នៅរាជធានីភ្នំពេញ បម្រាមគោចរនឹងអនុវត្តពីម៉ោង១១៖៥៩នាទី ដល់ម៉ោង៣ភ្លឺ ហើយចាប់ពីយប់ស្អែកទៅ នឹងអនុវត្តចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ រយៈពេលសុរប២សប្តាហ៍។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក គឹម សន្តិភាព៕