(ភ្នំពេញ)៖ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំកម្មវិធីវេទិកាវិទ្យាសាស្រ្តចំហស្តីពីទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទកូវីដ-១៩ ដោយអង្គវេទិកាបានលើកឡើង នូវគំនិតជាច្រើនក្នុងន័យជំរុញឱ្យភាគសហរដ្ឋអាមេរិក បើកចិត្តឱ្យទូលាយដូចប្រទេសចិន ដើម្បីចូលរួមស្រាវជ្រាវរិះរកវិធីសាស្ត្រកម្ចាត់មេរោគកូវីដ សំដៅជួយការពារអាយុជីវិតរបស់ប្រជាជននៅទូទាំងពិភពលោក។
វេទិកានេះធ្វើឡើងនៅស្ថានីយទូរទស្សន៍អប្សរា ដោយមានការចូលរួមពីវាគ្មិនកិត្តិយស រួមមាន លោក កៅ មុយថង ទីប្រឹក្សាផ្ទាល់ និងជាសមាជិកក្រុមលេខាសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាអគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ និងលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។
នាឱកាសនោះ លោក កៅ មុយថង បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែចោទប្រកាន់កម្ពុជា ដោយយកលេសសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងប្រធានបទមិនសមរម្យជាច្រើន ដែលលេសទាំងនេះបានយកទៅប្រើប្រាស់ លើបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសអ៉ីរ៉ាក់ គឺជាភស្តុតាងមានលក្ខណៈប្រវត្តិសាស្រ្តនៃបទឧក្រិដ្ឋកម្មជាន់ឈ្លីលើច្បាប់អន្តរជាតិរបស់អាមេរិក ដែលអាងអនុត្តរភាពរបស់ខ្លួនក្នុងសតវត្សទី២១។ ប្រវត្តិសាស្រ្ត នៃសង្គ្រាមអ៉ីរ៉ាក់បង្ហាញថា ការប្រឆាំង និងការបង្ការយ៉ាងដាច់ខាតនូវអនុត្តរភាព និងនយោបាយអំណាចរបស់អាមេរិក នៅតែជាទំនួលខុសត្រូវរបស់ប្រទេស និងប្រជាជនដែលស្រឡាញ់សន្តិភាពលើពិភពលោកទាំងមូលដដែល។
លោក ពៅ សុខ បានគាំទ្រថា ការតាមដានប្រភពវីរុស គឺជាបញ្ហាវិទ្យាសាស្ត្រវេជ្ជសាស្រ្តដែលប្រកបដោយភាពម៉ឺងម៉ាត់ និងម៉ត់ហ្មត់ជាទីបំផុត ព្រមទាំងត្រូវបានកំណត់ដោយក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្រ្ត មិនមែនជាការកំណត់ដោយអ្នកនយោបាយទេ។
វាគ្មិនក្នុងវេទិកានេះបានយល់ស្របថា វាមិនមែនជាការលំបាកក្នុងការរកឃើញពីដំណើរការនៃការស្វែងរកប្រភពនៃមេរោគនេះនោះទេ ហើយរយៈពេលមួយឆ្នាំក្នុងការទៅកាន់ប្រទេសចិន ដើម្បីសិក្សាស្រាវជ្រាវ យ៉ាងល្អិតល្អន់ពីប្រភពនៃមេរោគនេះ ជំហររបស់ចិនបានបង្ហាញយ៉ាងច្បាស់ គឺចិនបានសហការប្រកបដោយតម្លាភាព និងបានគាំទ្រដល់ដំណើរការនៃផែនការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលរបស់អង្គការសុខភាពពិភពលោក ដើម្បីធ្វើការស៊ើបអង្កេតស៊ីជម្រៅ និងលម្អិត ព្រមទាំងបានចេញទិន្នន័យរបាយការណ៍យ៉ាងច្បាស់លាស់ ប្រកបដោយលក្ខណៈវិទ្យាសាស្រ្តនៅដើមឆ្នាំនេះ។
លោក ពៅ សុខ បានបន្តថា ពិភពលោកអាចនិយាយដោយត្រង់បានថា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនៃការរីករាលដាលជំងឺកូវីដ ប្រទេសចិនជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងបានផ្តល់ទិន្នន័យប្រកបដោយតម្លាភាពជូនដល់អង្គការសុខភាពពិភពលោក និងពិភពលោកទាំងមូល។
លោកបានស្រង់យកខ្លឹមសារនៃអត្ថបទផ្សាយដោយសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជា-ចិន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ថា ប្រសិនបើអាមេរិកសម្គាល់ឃើញថា ខ្លួនបានប្រកាន់អាកប្បកិរិយាបើកចំហ និងមានតម្លាភាពដូចប្រទេសចិន នោះគួរតែបើកចំហបន្ទប់ពិសោធន៍ Fort Detrick ឱ្យអ្នកជំនាញអន្តរជាតិចូលទៅធ្វើការស៊ើបអង្កេត និងសិក្សាស្រាវជ្រាវ។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានលើកឡើងថា ប្រទេសចិន ដែលមានបក្សកុម្មុយនិស្តចិន បានយកគោលការណ៍សង្គមនិយមតាមបែបផែនចិនជាស្នូល បានបង្កើតឡើងនូវអព្ភូតហេតុអច្ឆរិយភាពធំទាំងពីរ៖ ទី១៖ សេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងទី២៖ សង្គមរក្សាបាននូវស្ថិរភាពរយៈពេលយូរអង្វែងចាប់តាំងពីបក្សកុម្មុយនិស្តចិន បានបង្កើតរបបសាធារណរដ្ឋប្រជាមានិតចិន។
លើសពីនេះ ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ពហុភាគីនៅក្នុងសេដ្ឋកិច្ចពិភពលោក និងជាកម្លាំងចលករថ្មីនៃសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព៕