(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត បានសម្រេចបិទខ្ទប់ផ្សារនានាមួយចំនួនទាំងនៅក្នុងបណ្តាទីក្រុង ស្រុក និងទីកន្លែងប្រជុំជននានាមួយចំនួន ដែលមានការប្រឈមខ្លាំង ដូចជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងនៅតាមក្រុងស្រុកក្នុងខេត្ត ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ ជាពិសេសមេរោគបំប្លែងថ្មី Delta។
ការដាក់បទបញ្ជាបែបនេះ របស់លោកអភិបាលខេត្ត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធនានា ដើម្បីមានវិធានការជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន។
នាឱកាសនោះដែរលោក ងួន រតនៈ បានផ្តល់មតិថា យើងត្រូវរឹតបន្តឹង និងការអនុវត្តសេចក្តីរបស់រាជរដ្ឋាភិបាលស្តីពី ការបិទខ្ទប់ក្នុងភូមិសាស្រ្តខេត្តនានា ដែលជាប់ព្រំដែនខ្មែរ-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ១៩ ប្រភេទដែលតា (Delta) និងសារាចរស្តីពី ការដាក់ចេញយុទ្ធការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
លោកអភិបាលខេត្តបានប្រាប់ «ឱ្យអាជ្ញាធរតាមបណ្តាលស្រុកឱ្យជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ គឺឪពុកម្តាយប្រាប់បន្តទៅកូនដែលជាពលករនៅប្រទេសថៃ កុំទាន់ចូលមកស្រុកខ្មែរអី ដើម្បីចៀសវាង នៃមេរោគឆ្លងចូលមកក្នុងស្រុកយើង ដោយរងចាំសភាពការឱ្យស្ងប់ស្ងាត់សិន ចាំចូលមកលេងផ្ទះក្នុងស្រុកខ្មែរដូចមុនបាន»។
លោកអភិបាលខេត្ត បានឯកភាពតាមសំណូមពរ របស់លោកអភិបាលស្រុកមួយចំនួនដែលស្ថិតក្នុងតំបន់ក្រហម សុំបិទផ្សារនានា និងទីកន្លែងនានាមួយចំនួនទាំងស្រុង ក្នុងរយៈពេល១៤ថ្ងៃនេះផងដែរ។ សូមអាជ្ញាធរមូលដ្ឋានរឹតបន្តឹងដល់ប្រជាពលរដ្ឋដែលមិនព្រមអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ដែលមិនទាន់បានត្រឹមត្រូវដូចជា អ្នកញៀនលេងល្បែងស៊ីសងប្រមូលផ្តុំគ្នា គឺជាប្រភពនៃការចម្លងរោគយ៉ាងឆាប់រហ័សជាងគេ និងប្រភពឆ្លងរោគតាមរូបភាពផ្សេងៗទៀត ដូច្នេះ អាជ្ញាធរមូលត្រូវអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីលុបបំបាត់ទីតាំងណាដែលជាប្រភពនាំឱ្យឆ្លងរោគកូវីដ១៩នេះ ឱ្យបានផងដែរ។
បើតាមលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ខេត្តបាត់ដំបង មានក្រុង១ និងស្រុកចំនួន១៣ ហើយស្រុកដែលប្រឈមឆ្លងខ្លាំងជាគេនោះ មានចំនួន៤គឺទី១៖ ក្រុងបាត់ដំបង, ទី២៖ ស្រុកមោងឬស្សី, ទី៣៖ ស្រុកកំរៀង និងទី៤៖ ស្រុកថ្មគោល ចំពោះស្រុកផ្សេងទៀត ក៏មានឆ្លងផងដែរ តែត្រូវតែរកវិធានការទប់ស្កាត់ការរាលដាលឆ្លងដល់មនុស្សជាច្រើនកន្លងមក ហើយឱ្យចំនួននៃការឆ្លងនេះ មានការធ្លាក់ចុះវិញឱ្យទៅតិចបំផុតផងដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមនម្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។
យោងតាមសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។ ក្នុងសេចក្តីសម្រេច បានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។
ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕