(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹងដល់បុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសាច់ញាតិកូនចៅ មានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ សូមយកទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា តាមការកំណត់របស់គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបានល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះបានឱ្យដឹងថា គ.វ.ក-១៩ នឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់សាច់ញាតិកូនចៅរបស់ឥស្សរជនជាន់ខ្ពស់ និងកូនចៅរបស់ថ្នាក់ដឹកនាំ បុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាប់កិច្ចសន្យា ដែលមានអាយុពី១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ដែលបានជូនដំណឹងដោយ គ.វ.ក-១៩ ហើយសម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានកំណត់កាលបរិច្ឆេទ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ពេលព្រឹកម៉ោង ៨៖០០នាទី ដល់ម៉ោង ១១៖ ០០នាទី, ពេលរសៀលម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៧៖០០នាទី។
សម្រាប់ទីកន្លែងចាក់វ៉ាក់សាំងកូវីដ-១៩ មានដូចជា៖
១៖ ថ្នាក់ដឹកនាំក្រសួងជារដ្ឋលេខាធិការ ឬទីប្រឹក្សាក្រសួងមានឋានៈស្មើរដ្ឋលេខាធិការ សូមនាំ សាច់ញាតិកូនចៅទៅទទួល ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។
២៖ ថ្នាក់ដឹកនាំក្រសួងជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬទីប្រឹក្សាក្រសួងមានឋានៈស្មើ សូមនាំសាច់ញាតិកូនចៅទៅទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ នៅមន្ទីរពេទ្យព្រះអង្គឌួង។
៣៖ លោក-លោកស្រីជាបុគ្គលិកមន្ត្រីរាជការ ដែលមានតួនាទីជាប្រធាននាយកដ្ឋាន/ អនុប្រធាននាយកដ្ឋាន ទីប្រឹក្សាក្រសួង ប្រធានការិយាល័យ/ អនុប្រធានការិយាល័យ បុគ្គលិកក្របខណ្ឌ និងបុគ្គលិកជាប់កិច្ចសន្យា សូមនាំសាច់ញាតិកូនចៅទៅទទួលការចាក់វ៉ាក់សាំងកូដ-១៩ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ(វត្តភ្នំ) ឬមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖