(ភ្នំពេញ)៖ បណ្តាញផ្សព្វផ្សាយមួយចំនួនរបស់ថៃ បានព្យាយាមផ្សព្វផ្សាយវាយប្រហារមកលើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់។ បណ្តាញផ្សព្វផ្សាយទាំងនេះ ព្យាយាមផ្សព្វផ្សាយថា ការប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ជាការសម្រេចចិត្តមួយមិនត្រឹមត្រូវជាដើម។
ការផ្សព្វផ្សាយនេះ ត្រូវបានគេមើលឃើញថាធ្វើឡើងក្នុងចេតនាមួយមិនល្អ បំភ័ន្តសាធារណៈមតិនៅក្នុងប្រទេសថៃ គ្រាដែលវ៉ាក់សាំងស៊ីណូវ៉ាក់ កំពុងត្រូវបានប្រើប្រាស់យ៉ាងចាំបាច់នៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃ បានឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មាន តាមរយៈបណ្តាញផ្សព្វផ្សាយល្បីៗមួយចំនួននៅក្នុងប្រទេសថៃ មានដូចជា៖ SmartNews Online , MissionThailand Online , Naewna News , MCOT Online ជាដើម។ល។
តាមរយៈព័ត៌មានល្បីៗរបស់ថៃនេះ លោកបណ្ឌិត សុខ សុក្រឹត្យា បានចាត់ទុកការផ្សព្វផ្សាយបំភ្លៃរឿងវ៉ាក់សាំងស៊ីណូវ៉ាក់ដែលកម្ពុជាប្រើនេះ អាចនឹងផ្តល់ផលប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងកម្ពុជា-ចិន និងថៃ។ «ព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយលើគេហទំព័រថៃនោះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធភាពមិត្តភាពរវាងកម្ពុជា-ចិន និងថៃ ទាំងក្នុងជួររាជរដ្ឋាភិបាល និងប្រជាជនផងដែរ»។
លោកបណ្ឌិត បានអំពាវនាវដល់ប្រជាជនថៃ និងប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងប្រទេសថៃ ជាពិសេសសមាជិក សមាជិកាមូលនិធិខ្មែរចំណាកស្រុកសម្តេចតេជោសែន កុំឲ្យជឿលង់លើព័ត៌មានក្លែងក្លាយនេះ។
តាមរយៈបទសម្ភាសន៍នោះ បណ្ឌិត សុខ សុក្រឹត្យា បានបញ្ជាក់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ របស់ប្រទេសចិន ដែលកំពុងប្រើនៅកម្ពុជា គឺមានសុវត្ថិភាព និងមានប្រសិទ្ធិភាពខ្ពស់។ សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា គឺបានប្រើប្រាស់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់នេះភាគច្រើន ចាក់ជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ទាំងមន្ត្រីរាជការ និងប្រជាជនទូទៅផងដែរ។
លោក សុខ សុក្រឹត្យា បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ជាវ៉ាក់សាំងសំខាន់ចម្បងគេ [វ៉ាក់សាំងគោល] ខណៈយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ជាផ្លូវការហើយ និងកំពុងធ្វើយុទ្ធនាការនៃការចាក់វ៉ាក់សាំងនេះដល់ប្រជាជននៅតាមបណ្តាខេត្តនានាបន្តបន្ទាប់ទៀត ហើយរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្សព្វផ្សាយថានឹងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំដល់ ១៧ឆ្នាំ ចាប់ពីថ្ងៃទី១ ខែសីហានេះតទៅ»៕