(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយ ចំពោះអ្នកដែលល្មើសនឹងសេចក្តីសំរេចនេះ។
ការដាក់ចេញជាបទបញ្ជាឲ្យគណៈបញ្ជាការឯកភាពទាំង១៤ អនុវត្តឱ្យបានម៉ឹងម៉ាត់ខាងលើ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ Video Conference ក្រោមអធិបតីលោក ឃួង ស្រេង ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
លោក ឃួង ស្រេង បានលើកឡើងថា ការអនុវត្តនូវសេចក្តីសម្រេចលើកនេះ គឺមិនមានការលើកលែងជាដាច់ខាត។ លោកបញ្ជាក់ថា រាជធានីភ្នំពេញរកឃើញអ្នកជំងឺកូវីដ១៩ មិនមានការថមថយនោះទេ។ តែក្នុង២សប្តាហ៍ ចុងក្រោយនេះ ការរាតត្បាតនៃជំងឺកូវីដ១៩នេះ មានការថមថយបន្តិច។ ប៉ុន្តែនៅតាមខេត្តមួយចំនួនបានកើនឡើង ដូច្នេះដើម្បីកាត់ផ្ដាច់ ឬសគល់នៃការរីករាលដាលជំងឺ១៩នេះ លោកស្នើឲ្យប្រធានគណៈជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តសេចក្តីសម្រេចនេះឲ្យបានតឹងរឹងបំផុត។ ចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងរថយន្ត និងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។
លោកបានបញ្ជាក់ថា ការអនុវត្តលើកមុនៗយើងមានការអប់រំ មានការលើកលែងខ្លះ តែចំពោះការអនុវត្តសេចក្តីសម្រេចលើកនេះ គឺមិនមានការយោគយល់និងមិនមានការលើកលែងនោះទេ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត។
លោកថា «ចំពោះភោជនីយដ្ឋាន ការលក់គ្រឿងហូបចុក ការលក់គ្រឿងស្រវឹង ការលក់កាហ្វេនៅតាមហាងកាហ្វេនានា គឺមិនអនុញ្ញាតឲ្យមានតុសម្រាប់ឲ្យភ្ញៀវអង្គុយហូបចុកទេ ក្នុងហាងទេ។ ពួកគាត់អាចបើកជាហាងកាហ្វេ ភោជនីយដ្ឋានលក់អាហារ បានត្រឹមតែវេចខ្ចប់ប៉ុណ្ណោះ។ ក្នុងនាមអាជ្ញាធរខណ្ឌ ត្រូវតាមដានត្រួតពិនិត្យលើបញ្ហានេះឲ្យបានតឹងរ៉ឹងបំផុត»។
លោក ឃួង ស្រេង បានបន្ថែមថា ពាក់ព័ន្ធខណ្ឌមួយចំនួន ដែលមានផ្លូវជាតិ តភ្ជាប់ពីបណ្ដាខេត្តទាំង៨ ដែលរាជរដ្ឋាភិបាលបានបិទខ្ទប់ត្រូវតែពង្រឹងគោលដៅ ត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់បំផុតផងដែរ ដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ ពិសេសការរីករាលដាលមេរោគបំប្លែងថ្មីដែលតា ដែលបាននិងកំពុងរីករាលដាល ចូលមកកម្ពុជារបស់យើង។
គួរបញ្ជាក់ថា រាជធានីភ្នំពេញ សម្រេចដាក់ឲ្យអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន រាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ ដោយដោយអនុវត្តចាប់ពីម៉ោង ២៣៖៥៩នាទីយប់ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕