(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំការបែងចែកម៉ាស៊ីនបាញ់ថ្នាំ និងទឹកថ្នាំសម្លាប់មេរោគ ដល់អង្គភាពគយ និងរដ្ឋាករ ដែលមានទីតាំងនៅព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា-វៀតណាម និងនៅអាកាសយានដ្ឋានអន្តរជាតិ។
កន្លងមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបែងចែកជាបន្តបន្ទាប់នូវសម្ភារៈ បរិក្ខារការពារជំងឺកូវី-១៩ មានដូចជាម៉ាស់ របាំងមុខ ម៉ាស៊ីនវាស់កំដៅ ស្រោមដៃ អាល់កុល និងទឹកសម្លាប់មេរោគជាដើមដល់គ្រប់មន្ត្រីគយ និងរដ្ឋាករដែលបំពេញការងារនៅជួរមុខ ក៏ដូចជានៅទីចាត់ការកណ្តាល សម្រាប់ប្រើប្រាស់ការពារខ្លួន ពីការឆ្លងជម្ងឺកូវីដ-១៩។
នៅពេលនេះ ជាការឆ្លើយតបនឹងការកើនឡើងយ៉ាងកំហុកនៃការឆ្លងរាលដាលជំងឺកូវី-១៩ ជាពិសេសវីរសប្រភេទ Delta នៅប្រទេសជិតខាងកម្ពុជា និង ស្របតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយដ្ឋានគយ និងរដ្ឋាករ បានចេញសេចក្តីណែនាំដល់គ្រប់អង្គភាពក្រោមឱវាទឲ្យអនុវត្តបន្ថែម (លើវិធានការដែលមានស្រាប់) នូវការបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយដឹកជញ្ជូន និងសំបកវិចខ្ចប់ទំនិញនាំចូលមកពីប្រទេសជិតខាង ដើម្បីការពារទប់ស្កាត់ការរាលដាលជំងឺកូវី-១៩ ។
បន្ថែមលើនេះ ដោយឈរលើគោលការណ៍គ្រប់គ្រងហានិភ័យ និងលក្ខណៈចោះៗ មន្ត្រីគយ និងរដ្ឋាករអាចតម្រូវឲ្យយកសំណាកទំនិញត្រជាក់និង/ ឬបង្កកទៅវិភាគរកវីរុសកូវី៥-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយប្រើយន្តការសហការរបស់អន្តរស្ថាប័ន ដែលបានបង្កើតឡើងរួចមកហើយ។
ការបែងចែកម៉ាស៊ីនបាញ់ថ្នាំ និងទីកថ្នាំសម្លាប់មេរោគដល់អង្គភាពគយ និងរដ្ឋាករមានទីតាំងនៅតាមព្រំដែន ជាមួយប្រទេសជិតខាងនាពេលពេលនេះ គឺជាការបែងចែកលើកទី១ ហើយ អគរ នឹងបន្តបែងចែកឧបករណ៍ប្រភេទនេះ ដល់គ្រប់អង្គភាពគយ និងរដ្ឋាករទាំងអស់ដែលគ្រប់គ្រងត្រួតពិនិត្យនាំចូល ដូចជានៅកំពង់ផែអន្តរជាតិ និងផែស្ងួតនានាជាដើម៕