(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហារ ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែកក្កដានេះ។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា «ត្រូវបានដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ សម្រាប់រយៈពេល ១៤នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងធានាឱ្យ «យុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩» ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមនម្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។

យោងតាមសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។ ក្នុងសេចក្តីសម្រេច បានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។

ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ៖