(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញជូនដំណឹងពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងបញ្ជាក់ថា ការចាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ដូសទី១ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១ដល់១៤ ខែសីហា ឆ្នាំ២០២១ និងដូសទី២ ចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា ដល់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ចំពោះកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវយកមកជាមួយនូវឯកសារដូចខាងក្រោម៖

* កុមារអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៥ឆ្នាំ សូមយកមកជាមួយនូវសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន
* យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែនភ្ជាប់មកជាមួយ

ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាត ឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់៖

* មាតាបិតា និងអាណាព្យាបាល ក្នុងករណីកុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬអាណាព្យាបាលតម្រូវឱ្យមាតាបិតា និងអាណាព្យាបាលបំពេញនូវលិខិតព្រមព្រៀងនេះ ជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកបុត្រធីតា ឬសាច់ញាតិ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់

* អ្នកគ្រប់គ្រងចំពោះកុមារកំព្រា ដែលរស់នៅតាមមណ្ឌល
* ក្នុងករណីកុមារ និងយុវវ័យនោះជាជនអនាថា ដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដ ត្រូវមានលិខិតបញ្ជាក់ចេញ ដោយអាជ្ញាធរមូលដ្ឋាន៕