(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងសាជាថ្មី ស្ដីពី ការជ្រើសរើសក្រុមហ៊ុន ដែលមានជំនាញ ក្នុងការសិក្សាស្រាវជ្រាវ លើការអនុវត្ដកាតព្វកិច្ចគណនេយ្យ និងសវនកម្ម។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា និយ័តកគណនេយ្យ និងសវនកម្ម (ន.គ.ស) គឺជាស្ថាប័ននិយ័តករគណនេយ្យ និងសវនកម្មតែមួយគត់នៅកម្ពុជា ដែលជា
សេនាធិការឲ្យអាជ្ញាធរសេវាហិញ្ញវត្ថុមិនមែនធនាគារលើការគ្រប់គ្រង និងអភិវឌ្ឍវិស័យ និងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មប្រកប ដោយការជឿទុកចិត្ត ពីស្ថាប័នសាធារណៈ ស្ថាប័នឯកជន គណនេយ្យករ សវនករ និងសាធារណជន។
ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ន.គ.ស បានដាក់ចេញនូវផែនការសិក្សាស្រាវជ្រាវលើការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មរបស់សហគ្រាស
និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ និងបានទទួលការឯកភាពពីលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ។
ការសិក្សាស្រាវជ្រាវនេះ នឹងត្រូវធ្វើឡើង ដោយមានលក្ខណៈលម្អិត និងប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់លើសហគ្រាសធុនធំ សហគ្រាសធុនមធ្យម សហគ្រាសធុនតូច និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ អំពីការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មស្របតាមច្បាប់ ស្តីពីគណនេយ្យ និងសវនកម្ម
និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន នឹងត្រូវធ្វើឡើងដោយក្រុមហ៊ុន ឬគ្រឹះស្ថានបណ្តុះបណ្តាលមានជំនាញក្នុងការស្រាវជ្រាវ និងដែលមានគុណវឌ្ឍខ្ពស់ លើវិស័យគណនេយ្យ និងសវនកម្ម៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងសាជាថ្មី របស់និយ័តករគណនេយ្យ និងសវនកម្ម ដែលមានខ្លឹមសារទាំងស្រុង៖