(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា អ្នកសារព័ត៌មាន មិនមែនសុទ្ធតែអាចផ្សាយបានគ្រប់រឿងទាំងអស់នៅតាមទីសាធារណៈបាន នោះទេ ព្រោះសេរីភាពរបស់អ្នកសារព័ត៌មាន គឺបញ្ឈប់ត្រឹមសេរីភាពរបស់គេ បើមានការស្នើសុំពីម្ចាស់រូប គឺមិនអាចថតបង្ហាញរូបគេបានឡើយ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងកិច្ចពិភាក្សាសារព័ត៌មាន ស្តីពី «ក្រមសីលធម៍នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសបុក» តាមរយៈប្រព័ន្ធវិដេអូពីចំងាយ និងដោយការចូលរួមពីវាគ្មិន រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀតផងដែរ។
ពាក់ព័ន្ធនឹងអ្នកកាសែត ដែលត្រូវគេបានស្នើសុំមិនឱ្យថត និងផ្សាយនៅតាមផ្លូវសាធារណៈ នៅតែរឹងរួសចង់ថត និងផ្សាយនោះ លោក ខៀវ កាញារីទ្ធ បានថ្លែងបញ្ជាក់ថា «សេរីភាពរបស់យើង (អ្នកសារព័ត៌មាន) គឺបញ្ឈប់ត្រឹមសេរីភាពរបស់គេ អានេះគឺប៉ុណ្ណឹង អញ្ចឹងមិនមែនបានន័យថាផ្លូវសាធារណៈខ្ញុំថតបាននោះទេ ជួនកាលគេមិនឱ្យថត ជួលកាលបើគេវ៉ៃគ្នាយើងថតវារឿង តែបើមានពេលខ្លះគេមិនឱ្យថតរឿងអីផ្សេង នេះជារឿងផ្សេងមិនមែនឱ្យតែផ្លូវសាធារណៈ ខ្ញុំមានសិទ្ធិថតអ្នកឯងផ្សាយនោះ បានទេ វាខុសបែបបទ នេះជាការងារដែលវានៅស្តើងរវាងសិទ្ធិអ្នកសារព័ត៌មាន និងសិទ្ធិបុគ្គលរបស់ម្នាក់ៗទៀត នេះជាការងារដែលយើងត្រូវប្រុងប្រយ័ត្នលើបញ្ហានេះ»។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបន្ថែមថា គិតមកដល់ពេលនេះក្រសួងបានដកអាជ្ញាប័ណ្ណអ្នកសារព័ត៌មាន មានតិចណាស់ លុះណាតែរឿងធ្ងន់ដែលបានប៉ះពាល់ដល់ សណ្តាប់ធ្នាប់សង្គម ឫរឿងដែលបានផ្សាយខុស បង្កការភ្ញាក់ផ្អើល នៅក្នុងបរិបទសង្គមនៅពេលនេះដែលបានបង្ករការខុសឆ្គង ក្នុងនោះក្រសួងនឹងលើកលែងឱ្យ នៅពេលដែលស្ថាប័នព័ត៌មាននោះ ដឹងថាខ្លួនខុស ហើយសរសេរពាក្យសន្យាបញ្ឈប់សកម្មភាពទាំងនោះ ក្រសួងនឹងអនុញ្ញាតឱ្យបើកដំណើរការវិញ។
លោករដ្ឋមន្ត្រី បានបន្ថែម ដោយសារតែនៅកម្ពុជា មិនទានមានសមាគម អ្នកសារព័ត៌មានណាមួយហ៊ានថ្កោលទោសលើអ្នកសារព័ត៌មាន ដែលសរសេរខុសវិជ្ជាជីវនោះទេ ដែលនេះជាចំណុចខ្សោយមួយរបស់វិស័យព័ត៌មាន ដែលធ្វើឱ្យអ្នកសារព័ត៌មានចេះតែចេញផុតពីផ្លូវល្អនោះ បើសិនជាមានសមាគមជុំគ្នា ហើយរៀបចំសរសេរកំណត់ ពីការខុសត្រូវនឹងវិជ្ជាជីវៈ នោះអ្នកការសែតទាំងអស់នឹងខ្លាច មិនហ៊ានធ្វើលើសនោះទេ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបន្ថែមថា ពាក់ព័ន្ធការធ្វើខុសនឹងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានកន្លងនោះ គឺដោយសារតែអ្នកសារព័ត៌មានមិនទាន់បានពង្រឹង ហើយហ៊ានអារកាត់ដោយខ្លួនឯង ក្នុងនោះដែរក៏អាចជាកំហុសរបស់សាធារណជនដែរ ដោយសារតែព័ត៌មានមិនល្អនោះ គឺមានអ្នកចូលមើលច្រើន ទោះបីដឹងថាខុសក៏ដោយ បើសាធារណជនមិនគាំទ្រ មិននាំគ្នាចូលមើលសារព័ត៌មានដែលមិនល្អនោះ វានឹងរលត់ដោយខ្លួនឯងហើយ៕