(កំពត)៖ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ជាវ តាយ អភិបាលខេត្តកំពត នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពិភាក្សា លើការងារអនុវត្តគម្រោង សាងសង់ប្រព័ន្ធលូប្រមូលទឹកកខ្វក់ ស្ថានីយប្រព្រឹត្ត កម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុងកំពត និងទីលានចាក់សំរាម នៃគម្រោងអភិវឌ្ឍក្រុងរបៀង២។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីប្រតិភូអមដំណើរ មន្ត្រីតាមស្ថាប័ន មន្ទីរ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត ជាវ តាយ បានលើកឡើងថា ទីក្រុងកំពតតែងតែជួបប្រទះនូវបញ្ហាប្រព័ន្ធលូដោះទឹកកខ្វក់ និងទីកន្លែងទុកដាក់កាកសំណល់សំរាម ដែលទាមទារឲ្យរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហានេះ។ ដូច្នេះគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងទីលានទុកដាក់សំរាម ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនខេត្តកំពតពេលនេះ គឺជាមោទនភាព ដែលរដ្ឋបាលខេត្តតែងតែទន្ទឹងរង់ចាំនូវសមិទ្ធផល ដ៏មានសារ សំខាន់នេះ ហើយរដ្ឋបាលខេត្តរីករាយស្វាគមន៍គាំទ្រ និងត្រៀមលក្ខណៈយកចិត្តទុកដាក់ចូលរួមសហការដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗ ជាមួយក្រុមហ៊ុនម៉ៅការសាងសង់ជានិច្ច ដើម្បីធ្វើយ៉ាងណា ឲ្យកិច្ចដំណើរការគម្រោងនេះ បានឆាប់រហ័ស ក្លាយជាសមិទ្ធផលបម្រើប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋក្នុងក្រុងកំពត បញ្ចៀសបានការប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរ។
លោក វង្ស ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅទីក្រុង និងជនបទ គឺជាអាទិភាព និងជាចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ពិសេសគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងកំពតនេះ គឺសំដៅការជួយលើកកម្ពស់អនាម័យបរិស្ថាន ក៏ដូចជាការជួយសម្រួលបញ្ហាលំបាក និងផលប៉ះពាល់របស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះដើម្បីឲ្យគម្រោងនេះ សម្រេចគោលដៅទៅតាមផែនការកំណត់បានឆាប់រហ័ស សូមស្នើឲ្យដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជំនាញពាក់ព័ន្ធ ពិសេសក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវតែសម្រេចឆន្ទៈចូលរួមសហការគ្នា សម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាកន្លងមកឲ្យបានល្អ ទើបការងារអភិវឌ្ឍន៍នេះសម្រេចបានលទ្ធផលជោគជ័យនិងឆាប់រហ័ស។
មន្ត្រីជំនាញបានបញ្ជាក់ថា គម្រោងខាងលើ គឺជាគម្រោងអភិវឌ្ឍក្រុងរបៀងនៃមហាអនុតំបន់មេគង្គ ដែលផ្ដល់ដោយរាជរដ្ឋាភិបាល ក្រោមកម្ចីឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ក្នុងនោះចែកជាពីរអនុគម្រោង គឺអនុគម្រោងទី១ ការកសាងប្រព័ន្ធប្រមូល និងអាងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងការតបណ្ដាញតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលគម្រោងមួយនេះ បានចាប់ផ្ដើមអនុវត្ត ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ហើយត្រូវបញ្ចប់នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។
ចំណែកអនុគម្រោងទី២ ការគ្រប់គ្រងសំណល់រឹង គឺការកសាងទីលានកប់សំរាម នៅក្នុងឃុំថ្មីស្រុកទឹកឈូ បានចាប់ផ្ដើមថ្ងៃទី១៧ ខែមិថុនា ២០២១ បញ្ចប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ តែទោះបីយ៉ាងណា អនុគម្រោងទី១ គឺការកសាងទើបតែបានសម្រេចជាង៣១ភាគរយប៉ុណ្ណោះ គឺមានការយឺតយ៉ាវ មិនអាចឆ្លើយតបនឹងផែនការកំណត់ ទើបឈានមកដល់បើកកិច្ចប្រជុំពេលនេះ សំដៅជំរុញបន្តល្បឿននៃការអនុវត្តឲ្យបានឆាប់ចប់រហ័ស៕