(ភ្នំពេញ)៖ កាលពីថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២១ លោក លឹម ប៊ុនហុក អគ្គនាយករងក្រុមប្រឹក្សាវប្បធម៌អាស៊ី តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី និងប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានចូលរួមថ្លែង ក្នុងកម្មវិធីសន្និសីទថ្នាក់ដឹកនាំអន្តរជាតិ ក្រោមប្រធានបទឆ្ពោះទៅរកការបង្រួបបង្រួមដោយសន្តិភាពនៃឧបទ្វីបកូរ៉េ តាមរយៈគំនិតផ្តួចផ្តើមវប្បធម៌ សិល្បៈ និងកីឡា និងគម្រោងផ្លូវសន្តិភាព។
នៅក្នុងសន្និសីទដែលរៀបចំឡើងដោយសហព័ន្ធសន្តិភាពពិភពលោក (UPF) លោក លឹម ប៊ុនហុក បានលើកឡើងថា វប្បធម៌គឺជាយានគន្លឹះមួយដើម្បីលើកស្ទួយការយល់គ្នាទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក និងការផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដូច្នេះការទូតវប្បធម៌ពិតជាអាចដើរតួនាទីដ៏សំខាន់មួយ ដើម្បីឈានទៅទទួលបាននូវការបង្រួបបង្រួមប្រទេសកូរ៉េទាំងពីរប្រកបដោយសន្តិភាព។ ការទូត
វប្បធម៌ គឺជាបេះដូង នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ក្នុងក្របខណ្ឌនៃអង្គការអាយកាប់ ដែលមានគណបក្សនយោបាយមកពីប្រទេសកូរ៉េទាំងពីរជាសមាជិក។
លោកក៏បានបន្ថែមទៀតថា វប្បធម៌គួរតែជាកម្លាំងមួយនៃការឯកភាពគ្នា មិនមែនជាកម្លាំងបំបែកបំបាក់គ្នានោះទេ។ បទពិសោធន៍ជាច្រើនបានបង្ហាញថា តើវប្បធម៌ផ្ដល់ជាច្រកទ្វារចូល សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិបែបណា ដើម្បីបង្រួបបង្រួមប្រជាជាតិដែលមានព្រំដែនជាប់គ្នា ក្នុងការការពារបេតិកភណ្ឌវប្បធម៌រួមគ្នា ឬផ្លាស់ប្ដូរវប្បធម៌ជាមួយគ្នា ជាអាទិ៍ តាមរយៈការអនុវត្តកម្មវិធីផ្លាស់ប្តូរវប្បធម៌ ការសម្ដែងសិល្បៈ ពិព័រណ៍សិល្បៈ និងការលើកតម្លៃវប្បធម៌រួមគ្នាជាដើម។
លោកបង្ហាញការជឿជាក់ថា ការបង្រួបបង្រួមប្រទេសកូរ៉េទាំងពីរគឺអាចទៅរួច ដើម្បីជាប្រយោជន៍ដ៏ធំរបស់ប្រជាជនកូរ៉េ ជាប្រយោជន៍តំបន់ និងពិភពលោកទាំងមូល ដូច្នេះ សូមចូលរួមជំរុញឱ្យមិត្តកូរ៉េចាប់ផ្ដើមដំណើរការ បង្រួបបង្រួមគ្នានេះ ដើម្បីឱ្យប្រទេសទាំងពីរក្លាយជាប្រទេសតែមួយ ទទួលបានសុខសន្តិភាព និងសេចក្ដីចម្រុងចម្រើន៕