(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលត្រូវកម្លាំងសមត្ថកិច្ចជំនាញរឹបអូសត្រាក់ទ័រកាលពីពេលកន្លងទៅនោះ បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការទាន់ពេលរបស់លោករដ្ឋមន្ត្រី ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបានដាក់យន្តការដោះស្រាយបញ្ហាជូនពួកគាត់ ក៏ដូចជាបង្ការការកៀបសង្កត់លើប្រជាពលរដ្ឋផ្សេងទៀត ខណៈពួកគាត់ក៏កំពុងទន្ទឹងរង់ចាំមើល ការដោះស្រាយរបស់មន្ត្រីពាក់ព័ន្ធបន្តទៀតដែរ។
គួរជម្រាបថា នៅក្នុងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ លោករដ្ឋមន្ត្រី ថោង ខុន បានចាត់ឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំ រួមគ្នាបើកការដោះស្រាយបញ្ហាជាទ្រង់ទ្រាយធំជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ ដែលត្រូវកម្លាំងសមត្ថកិច្ចរឹបអូសដកហូតគ្រឿងចក្រ ពិសេសគឺនៅស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងកន្លែងដទៃទៀត ដើម្បីប្រគល់គ្រឿងចក្រជូនប្រជាពលរដ្ឋជាម្ចាស់វិញ។
លោក ថោង ខុន បានបញ្ជាក់ហើយបញ្ជាក់ទៀតថា «ការប្រគល់គ្រឿងចក្រជូនប្រជាពលរដ្ឋជាម្ចាស់វិញនេះ មិនតម្រូវឱ្យពួកគាត់បង់ប្រាក់ផាកពិន័យនោះឡើយ»។
បន្ទាប់ពីបានឃើញចំណាត់ការ និងការយកចិត្តទុកដាក់ដោះស្រាយយ៉ាងដូច្នេះហើយ ប្រជាពលរដ្ឋនៅស្រុកប្រាសាទបល្ល័ង្ក ស្រុកស្ទោង ស្រុកសណ្ដាន់ ស្រុកប្រាសាទសំបូរ ស្រុកសន្ទុក ប្រជាពលរដ្ឋនៅទីរួមខេត្តកំពង់ធំ មន្ត្រីមូលដ្ឋានផងនោះ បានសម្ដែងនូវការគាំទ្រសាទរយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់នេះ។ នេះបើតាមការបញ្ជាក់មកកាន់បណ្ដាញសារព័ត៌មាន Fresh News នៅមុនបន្តិច។
ប្រជាពលរដ្ឋបានបង្ហាញការជឿជាក់ថា ចំណាត់ការពីសំណាក់ថ្នាក់លើនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នឹងមានប្រសិទ្ធភាពស្របតាមការណែនាំរបស់ថ្នាក់លើ ព្រមទាំងអាចលួងលោមឱ្យប្រជាពលរដ្ឋបានធូរស្បើយពីការភ័យខ្លាចព្រួយបារម្ភមកវិញ ដើម្បីបន្តការបង្កបង្កើនផលកសិកម្ម ស្រោចស្រង់ជីវភាពរស់នៅឱ្យល្អប្រសើរឡើងវិញ ខណៈរដូវធ្វើស្រែចម្ការបានចូលមកដល់បណ្ដើរៗហើយ។
ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍មួយទៀតថា ពួកគាត់ក៏សុទ្ធតែរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ណាមួយខ្លាចឆ្លងកូវីដផង ណាមួយចំណូលក៏មានការថយចុះផង ក៏ដាច់ចិត្តទៅខ្ចីលុយពីធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដើម្បីយកមកធ្វើស្រែចម្ការ គ្រាន់បានដោះស្រាយជីវភាពគ្រួសារ ដោះស្រាយតម្រូវការចាំបាច់ប្រចាំថ្ងៃតទៅមុខទៀត។ ពួកគាត់ក៏បានបង្ហាញការសន្យាដែរថា នៅពេលទទួលបានសម្ភារៈគ្រឿងចក្រមកវិញហើយ ពួកគាត់នឹងគោរពតាមការណែនាំចង្អុលបង្ហាញរបស់អាជ្ញាធរ។
លើសពីនេះទៅទៀត ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងលោកប្រធាន ថោង ខុន និងលោកអភិបាលខេត្ត សុខ លូ ដែលតែងតែខិតខំយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋ ណាមួយរវល់នឹងកិច្ចការទប់ស្កាត់ការរីករាលដាលជំងឺកូវីដផង ណាមួយជួយប្រជាពលរដ្ឋបង្កបង្កើនផលកសិកម្មផង ណាមួយក៏ជួយដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ គ្មានពេលស្រាកស្រាន្ត។
អ្វីដែលប្រជាពលរដ្ឋទាំងនោះចង់សង្កត់ធ្ងន់នោះ គឺពួកគាត់នៅតែជឿជាក់លើការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា គណបក្សដែលមិនទុកប្រជាពលរដ្ឋចោល ហើយបានប្ដេជ្ញាបន្តការគាំទ្រតាមរយៈសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន បន្តទៀត ក្នុងការបោះឆ្នោតខាងមុខៗទៀត។
ជាការសំណូមពរចុងក្រោយរបស់ប្រជាពលរដ្ឋដែលជួបបញ្ហាខាងលើ គឺចង់ឱ្យក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជួយពន្លឿនការដោះស្រាយ និងប្រគល់គ្រឿងចក្ររបស់ពួកគាត់មកវិញឱ្យបានឆាប់់ ខណៈរដូវបង្កបង្កើនផលក៏កំពុងរំកិលទៅមុខ ដែលអាចនឹងហួសពេលភ្ជួររាស់ សាបព្រោះ ប្រសិនបើគ្មានគ្រឿងចក្រប្រើការ ម្យ៉ាងប្រសិនបើជួលគេក៏អស់ប្រាក់ច្រើនជាងប្រើគ្រឿងចក្រខ្លួនឯងដែរ ហើយក៏នៅតែមិនស្រណុកចិត្តទៀត ព្រោះគ្រឿងចក្ររបស់ខ្លួនមិនទាន់ដោះស្រាយបាន៕