(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) នឹងរៀបចំផ្ទៀងផ្ទាត់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ នៅជាន់ទី១ នៃទីស្នាក់ គ.ជ.ប។
សម្រាប់ការបោះជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន១៧ លើ១៧ ខណៈគណបក្សនយោបាយ ចំនួន៣ទៀត មិនទទួលបានសម្លេងនោះឡើយ។
ក្រុងបូកគោ ជាក្រុងដែលទើបត្រូវបានរាជរដ្ឋាភិបាលបានបង្កើតឡើងថ្មី ហើយដើម្បីឱ្យស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺទើបឈានដល់ការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងនេះឡើង ក្រោមការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ គ.ជ.ប ដែលជាស្ថាប័នអព្យាក្រឹត្យជាអ្នករៀបចំធ្វើឡើង ឱ្យស្របទៅតាមច្បាប់កំណត់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
រីឯដំណើរការបោះឆ្នោតនេះ រួមមានគណបក្សនយោបាយចុះក្នុងបញ្ជីចូលរួមប្រកួតប្រជែងបោះឆ្នោតចំនួន៤ រួមមាន៖
*ទី១៖ គណបក្សប្រជាជនកម្ពុជា
*ទី២៖ គណបក្សយុវជនកម្ពុជា
*ទី៣៖ គណបក្សសញ្ជាតិកម្ពុជា
*ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យ បង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ក្រុងបូកគោនេះ មានសង្កាត់ចំនួន០៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ទីតាំងរដ្ឋបាលក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក៕