(តាកែវ)៖ លោកបណ្ឌិត ទិត្យ តុន ទីប្រឹក្សាអមរណសិរអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកស្រី រួមជាមួយលោក សម ដារ៉ារ័ត្ន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តំណាងលោកមេធាវី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បាននាំទៀនព្រះវស្សា ទេយ្យទាន រួមនឹងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន២០ ស្ថិតក្នុងស្រុកបាទី នៅខេត្តតាកែវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។
ស្ថិតនៅក្នុងឱកាសនេះដែរ ព្រះរតនវិសុទ្ធិធម្ម ភង មុិញ ព្រះរាជាគណៈកិត្តិយស ជាព្រះគ្រូធម្មសរមុនី ព្រះគ្រូអនុគណស្រុកបាទី ខេត្តតាកែវ មានសង្ឃដីការឱ្យដឹងថា ការចូលព្រះវស្សា គឺជាព្រះវិន័យដែល ព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃសាវ័ក គ្រប់អង្គ ប្រតិបត្តិតាមដែលមានរយៈពេល៣ខែ ពោលគឺចាប់ ថ្ងៃ១រោចខែ អាសាធ ដល់ទី១៥កើត ខែអស្សុជ។ ការបញ្ញត្តិឱ្យមានការ កាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណងចង់ឱ្យព្រះសង្ឃមានភាពងាយស្រួលក្នុងរដូវវស្សា រយៈពេលខែនេះដែលជារដូវពោរពេញទៅដោយភ្លៀងធ្លាក់ជោគជាំសំបូរភក់ជ្រាំច្រើន។
ព្រះរតនវិសុទ្ធិធម្ម ភង មុិញ មានសង្ឃដីការបន្តថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។
ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំឱ្យឈប់សម្រាកនៅទីណាមួយ ឬក្នុងវត្តអារាមណា មួយក្នុងរយៈពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុងរយៈពេល ៧ថ្ងៃ។
តាមទម្លាប់ពុទ្ធបរិស័ទ តែងតែនាំយកនូវទេយ្យទានដូចជា៖ អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និងគ្រឿង សម្ភារៈ ដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះអង្គក្នុងកំឡុងពេលនៃការចូលព្រះវស្សានេះ។
ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សាទៅប្រគេនព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិអោយភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ ហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេល៣ខែ។ មួយវិញទៀតនេះជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ។
សូមបញ្ជាក់ថា ទៀនព្រះវស្សា ទេយ្យទាន រួមនឹងបច្ច័យដែលត្រូវយកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន២០ នាពេលនេះ ក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សា១គូធំ ទឹកក្រូច ទឹកផ្លែឈើ តែ និងស្ករស១ឈុត ទឹកបរិសុទ្ធ ត្រីខ មី អង្ករ ២០០គីឡូក្រាម និងបច្ច័យមួយចំនួនផងដែរ៕