(ស្វាយរៀង)៖ ឧត្តមសេនីយ៍ឯកបណ្ឌិត សៅ សុវណ្ណី អគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមី និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករំដួល ខេត្តស្វាយរៀង បានក្រើនរំឭកដល់មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ត្រូវទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា ជាពិសេសជំងឺកូវីដបំប្លែងថ្មី Deltal ។
ឧត្តមសេនីយ៍ឯកបណ្ឌិត សៅ សុវណ្ណី ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ត្រូវគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់ របស់ក្រសួងសុខាភិបាល និងត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសជំងឺកូវីដបំប្លែងថ្មី Deltal ដោយត្រូវអនុវត្តន៍ ឱ្យបានល្អ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ «៣កុំ និង៣ការពារ»។
ឧត្តមសេនីយ៍ឯកបណ្ឌិត សៅ សុវណ្ណី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំក្រុមការងារ បានប្រគេនទៀនព្រះស្សា និងទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួនដល់វត្តចំនួន១២ នៅក្នុងឃុំបុសមន ស្រុករំដួល និងក្រុងបាវិត ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ឯក ក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនប្រជាពលរដ្ឋទាំងអស់នៅឃុំបុសមន ក៏ដូចនៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេ និងលោកស្រី ម៉ែន សំអន តែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
បន្ថែមលើសពីនេះលោកបណ្ឌិត សៅ សុវណ្ណី បានលើកឡើងថា ការធ្វើពិធីនេះបានដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់បានប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។
លោកបានបន្តថា ជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត និងក្រុមការងារថ្នាក់ជាតិ ក៏តែងតែបាននាំយកនូវទៀន ចំណាំព្រះវស្សា ទៅវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ដល់វិស័យពុទ្ធ សាសនា ផងដែរ។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯកបណ្ឌិត សៅ សុវណ្ណី ក៏បានប្រគេនដល់ព្រះសង្ឃរួមមានទៀនព្រះវស្សា១គូរ និងទេយ្យទានព្រមទាំងបច្ច័យចំនួន ក្នុងមួយវត្តចំនួន ២០ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។ ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈាន មកដល់ នៃកាលបរិច្ឆទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្តនីមួយៗផងដែរ៕