(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News និងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នាមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការផ្សព្វផ្សាយព័ត៌មាន ទិន្នន័យ និងចំណេះដឹងផ្នែកមូលបត្រដល់សាធារណជន។
អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយលោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ផ.ម.ក. និងលោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News។
គោលបំណងចម្បង នៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ ព័ត៌មាន ទិន្នន័យជួញដូរ និងចំណេះដឹង ផ្នែកមូលបត្រជូនដល់សាធារណជន ពិសេសប្រជាជនកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការវិនិយោគ នៅក្នុងវិស័យថ្មីដ៏មានសក្តានុពលមួយនេះនៅកម្ពុជា។
កិច្ចសហប្រតិបត្តិការស្ថិតក្រោម អនុស្សរណៈនៃការយោគយល់គ្នានេះរួមមាន៖
១៖ ការផ្តល់ទិន្នន័យជួញដូរប្រចាំថ្ងៃ នៅផ្សារមូលបត្រកម្ពុជា ក្នុងទម្រង់ឌីជីថល ដើម្បីផ្សព្វផ្សាយតាមបណ្តាញនានា របស់អង្គភាពព័ត៌មាន Fresh News
២៖ កិច្ចសហការក្នុងការផលិតព័ត៌មាន កិច្ចសម្ភាស និងអត្ថបទអប់រំពាក់ព័ន្ធវិស័យមូលបត្រ
៣៖ ការបណ្តុះបណ្តាលផ្នែកមូលបត្រ ដល់អ្នកសារព័ត៌មាន នៃអង្គភាពព័ត៌មាន Fresh News។
អង្គភាពព័ត៌មាន Fresh News និង ផ.ម.ក មានក្តីសង្ឃឹមយ៉ាងមុតមាំថា ការចុះហត្ថលេខាលើ អនុសារណៈនៃការយោគយល់គ្នានេះ នឹងអាចពង្រឹងកិច្ច សហប្រតិបត្តិការ រវាងភាគីទាំងពីរឲ្យកាន់តែជិតស្និត ដើម្បីឈានទៅដល់ការសម្រេចកិច្ចការ ផ្សព្វផ្សាយព័ត៌មានក្នុងវិស័យមូលបត្រ ឲ្យបានកាន់តែទូលំទូលាយ ទាន់ពេល និងសម្បួរបែប ពិសេសលើកកម្ពស់ការយល់ដឹង និងចំណេះដឹងអំពីការវិនិយោគក្នុងវិស័យមូលបត្រ ក្នុងចំណោមសាធារណជនឲ្យបានរឹងមាំ៕