(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានពន្យល់ពីវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកំឡុងពេលបិទខ្ទប់បណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ទាំងអស់។
លោក គឹម សន្តិភាព បានឱ្យដឹងថា ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ នៅកម្ពុជា បានវិវត្តឈានដល់ដំណាក់កាលមួយថ្មី ជាមួយនឹងការរកឃើញមេរោគកូវីដ១៩ ប្រភេទ Delta ក្នុងសហគមន៍ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប, រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ តឹងរ៉ឹង សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរលកទី៣ នៃការឆ្លងរាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំពីបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប ទៅកាន់តំបន់ផ្សេងទៀតនៅទូទាំងប្រទេស នៃមេរោគកូវីដ១៩ ប្រភេទ Delta ដែលជាគ្រោះមហន្តរាយសម្រាប់ប្រជាជន និងប្រទេសកម្ពុជា តាមរយៈការសេចក្តីសម្រេច និងសារាចរ៖
ទី១៖ សម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣៖៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ទី២៖ ដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេស សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ទាំងសេចក្តីសម្រេចបិទខ្ទប់ ទាំងសារាចរបស់រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនគណៈអភិបាលរាជធានីខេត្ត ដាក់ចេញនូវវិធានការលម្អិតសម្រាប់អនុវត្តទាំងក្នុងតំបន់បិទខ្ទប់ និងតំបន់ផ្សេងទៀត នៅក្នុងភូមិសាស្ត្ររបស់ខ្លួនទៅតាមស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ហេតុនេះ គណៈអភិបាលខេត្តនៃខេត្តដែលបានបិទខ្ទប់ និងគណៈអភិបាលរាជធានី-ខេត្តទូទាំងប្រទេស នឹងដាក់ចេញនូវសេចក្តីសម្រេចស្តីពីវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ លម្អិត សម្រាប់អនុវត្តនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ព្រមៗគ្នា សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣៖៥៩នាទីនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១(យប់នេះ)!។
ជាមួយគ្នានេះ នៅក្នុងអំឡុងពេលនៃយុទ្ធនាការ ១៤ថ្ងៃនេះ ក្រសួង-ស្ថាប័នសាធារណៈ, វិស័យឯកជន ព្រមទាំងបុគ្គលឯកជន ត្រូវបានលើកទឹកចិត្តក្នុងការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ដើម្បីជាវិធានការបង្ការ ក៏ដូចជាការស្វែងរកអ្នកវិជ្ជមានមេរោគកូវីដ-១៩ ដោយផ្អែកតាមអភិក្រម «រកឃើញឆាប់រហ័ស, គ្រប់គ្រងបានលឿន, និងកាត់ផ្តាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ពេល» សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមនម្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។
យោងតាមសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។ ក្នុងសេចក្តីសម្រេច បានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។
ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕