(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យកម្លាំងនគរបាលចរាចរណ៍នៅតាមគោលដៅទាំងអស់នៅរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ និងណែនាំជាជំហានដំបូងដល់អ្នកធ្វើដំណើរតាមម៉ូតូ កង់ និងថ្មើរជើងទាំងអស់ ឱ្យពួកគាត់ពាក់ម៉ាស់ ដើម្បីការពារជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Deltal។
បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត នេះ បានធ្វើឡើងតាមរយៈសារសំលេងមួយដែលបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។
នៅក្នុសារសំលេងនេះដែរ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជម្រាបដល់គោលដៅចរាចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ តាមការណែនាំរបស់ឯកឧត្តម នាយសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំទៅឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ដោយឡែកគាត់បានណែនាំមកខ្ញុំផ្ទាល់ ឱ្យយើងអនុវត្តន៍ចាប់ពីថ្ងៃនេះ ម៉ោងនេះតទៅ ចំពោះអ្នកដែលជិះម៉ូតូ កង់ ឬដើរដោយមិនមានការពាក់ម៉ាស់ សូមឱ្យចរាចរណ៍យើងនៅតាមគោលដៅទាំងអស់ បើឃើញគោរពមួយឱ្យឈប់ ហើយណែនាំឱ្យពាក់ម៉ាស់នៅម៉ោងនេះតទៅ»។
ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានគូសបញ្ជាក់បន្ថែមទៀតថា៖ «បើមិនដូច្នេះទេនឹងមានក្រុមអនុវត្តច្បាប់ ដែលមានឯកឧត្តម មាន ចាន់យ៉ាដា នេះ ហើយនឹងស្នងការរង របស់យើងមួយចំនួននឹងធ្វើការផាកពិន័យ ដើម្បីបង្ការមិនឱ្យមានការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីឈ្មោះ Deltal សូមបងប្អូនយើងយកចិត្តទុកដាក់គ្រប់គោលដៅទាំងអស់ ចំពោះតែអ្នកជិះម៉ូតូ កង់ ឬដើរ ដោយឡែកឡានមិនចាំបាច់ទេ អញ្ចឹងបើឃើញ គាត់មិនពាក់ម៉ាស់ សូមគោរពគាត់ឈប់ឱ្យពាក់ម៉ាស់ នេះជាការអប់រំ ចាប់ពីម៉ោងនេះ ពេលនេះតទៅ បន្ទាប់ទៅយើងនឹងផាកពិន័យបុគ្គលណាមិនពាក់ម៉ាស...!។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានដាក់ចេញសារាចរស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ សារាចរនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការរីករាលដាលខ្លាំងជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែង Delta។
ក្នុងសារាចរនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការសំខាន់ចំនួន ១១ចំណុច ជូនដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នាអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែថ្មី នៅក្នុងសហគមន៍៕