(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានកំណត់ពេលជួបពិភាក្សាតទល់គ្នានៅសប្តាហ៍ក្រោយនេះ ដែលវាជាផ្នែកមួយនៃកិច្ចប្រជុំកំពូលស្តីពី សន្តិសុខនុយក្លេអ៊ែរលើកទីបួន ក្នុងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសចិនលោក លី បាវដុង (Li Baodong) បានថ្លែងនៅមុននេះបន្តិចថា «វានឹងក្លាយជាកិច្ចប្រជុំទល់មុខគ្នាលើកដំបូងសម្រាប់មេដឹកនាំកំពូលទាំងពីរ នៅឆ្នាំនេះ។ វាជារឿង សំខាន់ដើម្បីពិភាក្សាពីការរក្សាទំនាក់ទំនងមិត្តភាពដ៏ល្អរវាងចិន និង អាមេរិកដែល ប្រកបដោយចីរភាព ព្រមទាំងស្ថិរភាព។»
គួរបញ្ជាក់ថា លោក ស៊ី ក៏នឹងជួបពិភាក្សាជាមួយមេដឹកនាំកំពូលៗផ្សេងទៀតនៅក្នុងកិច្ចប្រជុំសប្តាហ៍ក្រោយ នេះដែរ ជាពិសេសបញ្ហាប្រឈមសំខាន់ៗ ដូចជាការប្រែប្រួលអាកាសធាតុ, អំពើភេរវកម្ម, និង ជាពិសេស បញ្ហាកូរ៉េខាងជើង ដែលនឹងត្រូវលើកឡើងដោយមិនអាចខ្វះបាន៕