(បន្ទាយមានជ័យ)៖ មន្ត្រីមូលដ្ឋានក្រុងសិរីសោភ័ណ បានលួចបង្ហើបថា អាជ្ញាធរក្រុង អាចឃុបឃិតជាមួយអ្នកមានលុយរំលោភយក ដីបឹងធម្មជាតិត្រពាំងប្រឡាយ ជាមុខទឹកហូរស្ពានទី១ ស្ថិតភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ អ្នកភូមិជាង១០០គ្រួសារ នៅជុំវិញបឹងធម្មជាតិមុខទឹកមួយនេះ កំពុងតែព្រួយបារម្ភខ្លាចលិចលង់ទឹក នៅរដូវវស្សាខាងមុខនេះ។ ផ្លូវទឹកក្បាលស្ពានទី១នេះ មានទីតាំងនៅចំណុចមុខទឹកមួយ ដែលអ្នកភូមិចាត់ទុកថា ជាផ្លូវទឹកដែលហូររំដោះចេញពីក្រុងសិរីសោភ័ណ ប៉ែកខាងជើងផ្លូវ ពីសង្កាត់កំពង់ស្វាយ ហូរចូលស្ទឹងសិរីសោភ័ណ តែពេលនេះត្រូវបានឈ្មួញចាក់ដី លុបផ្លូវទឹកបាត់ជិតអស់ហើយដោយគ្មានទប់ស្កាត់ ពីអាជ្ញាធរក្រុងឡើយ។
ប្រជាពលរដ្ឋរស់នៅក្បែរនោះបានអះអាងថា រឿងចាក់អាចម៌ ដីលុប ផ្លូវទឹកនៅស្ពានទី១នោះ គឺមានលិខិតអនុញ្ញាតពីសាលាក្រុងឲ្យ លោក វុយ សេង ជាអាជីវករលក់ទូរស័ព្ទចាក់អាចម៌ដី លុបបែបនេះ ចំណែកភូមិបាលក្រុងបានឲ្យផ្អាកហើយ តែម្ចាស់ដីនោះនៅតែ លួចរាល់ថ្ងៃ។
ដោយឡែកលោក នាង ហាវ អភិបាលរងក្រុងសិរីសោភ័ណ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែមីនាថា ចំពោះការចាក់ដីលុបប្រឡាយ ទឹកស្ពានទី១នោះ បានឲ្យផ្អាកឈប់ធ្វើសកម្មភាព ហើយលិខិតនោះយើងបានបញ្ជូន និងរបាយការណ៍ចាក់លុបផ្លូវទឹកនោះដល់ សាលាខេត្តរួចហើយ បែរជាសកម្មភាពចាក់លុបផ្លូវទឹកនោះឈ្មួញចេះតែរំលោភយកដីប្រឡាយដោយអ្នកមានអំណាចនៅពីក្រោយ។ ពាក់ព័ន្ធការរំលោភយកដីប្រឡាយទឹកនេះអាជ្ញាធរក្រុង និងមន្ត្រីជំនាញកំពុងឆ្លើយឆ្លងគ្នាគ្មានអ្នកណាម្នាក់ ហ៊ានចេញមុខបំភ្លឺនោះទេ ព្រោះម្នាក់ៗ សុទ្ធតែបានដឹងថា អ្នកណាជាអ្នកឃុបឃិតគ្នា និងជាអ្នករំលោភយកដីផ្លូវទឹកនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដែរ។
ចំណែក លោក វុយ សេង បាននិយាយថា ទីតាំងលុបដីខាងលើនេះ គឺជាកម្មសិទ្ធរបស់លោកមែន ដីនេះក៏មានប្លន់រឹង ការចាក់អាចម៌ដី ក៏មានការអនុញ្ញាតិពីអាជ្ញាធរក្រុងគ្រប់គ្រាន់ តែលោកមិនចាក់អាចម៌ដីដល់ចំណុចស្ពានឡើយគឺទុកឲ្យឆ្ងាយ ដើម្បីឲ្យទឹកហូរ ហើយនៅពេលលោកចាក់អាចម៌ដី រួចរាល់លោក នឹងរៀបចំដាក់លូឲ្យទឹកហូរផងដែរ។
លោក គោ ស៊ុសារឿត អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ទីតាំងដីខាងលើនេះ ទោះបីជាមានប្លន់រឹង ជាកម្មសិទ្ធិយ៉ាងណា តែវាប៉ះពាល់ប្រជាពលរដ្ឋ ជាច្រើនគ្រួសារដែរ ស្ពានទី១នោះវាផ្លូវទឹកសំខាន់ណាស់ គឺផ្លូវទឹករំដោះទឹកចេញពីក្រុងសេរីសោភ័ណ យ៉ាងណាត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីមន្ត្រីជំនាញទៅសិក្សា តើចាក់អាចម៌ដី ឬធ្វើប្រពន្ធ័លូ។ លោកក៏បានបន្តថា លោកបានឲ្យលោកអភិបាលរងក្រុង ចុះឃាត់សិន បើមិនស្តាប់ទេអោយកម្លាំងនគរបាល ទៅយាមទីតាំងនោះ ៕