(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន ១៣២៥គ្រួសារ ដែលរស់នៅក្រុងកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនៃពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំនូវអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ផ្តាំផ្ញើសួរសុខទុក្ខ ជូនចំពោះប្រជាពលរដ្ឋ ដែលមានខ្លឹមសារថា៖

១៖ សូមឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលមានភារកិច្ចពាក់ព័ន្ធ និងសប្បុរសជនទាំងឡាយ ត្រូវនាំគ្នាយកចិត្តទុកដាក់ចំពោះ ប្រជាជនក្រីក្រ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ជនពិការ ដើម្បីចូលរួមកាត់បន្ថយភាព ងាយរងគ្រោះរបស់ពួកគេ។

២៖ សូមឲ្យអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ចំពោះអតីត យុទ្ធជន ជួយឱ្យអ្នកទាំងនោះ មានជីវភាពសមរម្យ សក្តិសមទៅនឹងគុណតម្លៃ គុណបំណាច់ ដែលពួកគាត់ធ្លាប់បានលះបង់ក្រុមគ្រួសារ និងអាយុជីវិត ដើម្បីជាតិមាតុភូមិយើង។

៣៖ សូមប្រជាពលរដ្ឋបង្កើនការ យកចិត្តទុកដាក់លើសុខុមាលភាព ដោយថែរក្សាអនាម័យ បរិភោគទឹកឆ្អិន ហើយចំពោះស្ត្រី មានផ្ទៃពោះ ត្រូវទៅពិនិត្យ សុខភាពតាមកាលកំណត់របស់គ្រូពេទ្យជំនាញ ដើម្បីសុខភាព ល្អ ទាំងម្តាយ និងទារក។ ចំពោះស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ហើយមានផ្ទៃពោះត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ និងប្រើថ្នាំពន្យាជីវិតឱ្យបានទៀងទាត់ ដើម្បីទប់ស្កាត់ការឆ្លងមេរោគអេដស៍ ពីម្តាយទៅកូន។ សូមមេត្តាកុំរើសអើងដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ដែលរស់នៅក្នុង សហគមន៍របស់ខ្លួន ដោយប្រែក្លាយទៅជាការអាណិតស្រឡាញ់ ដោយចាត់ទុកថា អ្នកទាំងអស់នោះ គឺជាជនរងគ្រោះ។ ជាមួយគ្នានោះ សូមអ្នកដែល មានផ្ទុកមេរោគ និងអ្នកជំងឺអេដស៍ សូមមេត្តាកុំចម្លង ទៅឱ្យអ្នកដទៃទៀត។

៤៖ សូមប្រជាជនទាំងអស់ជៀសចាកឆ្ងាយពីគ្រឿងញៀន ល្បែងស៉ីសងគ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការស្លាប់បាត់បង់ជីវិត។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូន ក្នុងមួយគ្រួសារៗទទួល បាន៖ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ និងក្រម៉ា១ដែល អំណោយមនុស្សធម៌ គឺទទួលបានពីសប្បុរសនានាក្នុងឱកាស នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដែលក្នុងនោះ អង្ករជាអំណោយរបស់ ឧកញ៉ា ឌី ប៉ូ។

សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យតំណាងចុះសួរសុខទុក្ខ និងផ្តល់អំណោយ មនុស្សធម៌ជូនដល់ អ្នកផ្ទុកមេរោគអេដស៍ ចាស់គ្មានទីពឹងគ្រួសារជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ សរុបចំនួន៥៦០៧គ្រួសារ ដែលអញ្ជើញមកពីក្រុង-ស្រុកទាំង៨ នៃខេត្តកំពង់ឆ្នាំង ទៅតាមកាលបរិច្ឆេទដូចខាង៖

១៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ចែកជូនប្រជាពលរដ្ឋចំនួន២៩០៥គ្រួសារ មកពីស្រុកទឹកផុស ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍។
២៖ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៦ ចែកជូនប្រជាពលរដ្ឋចំនួន១៣២៥គ្រួសារ មកពីក្រុងកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ។
៣៖ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៦ ចែកជូនប្រជាពលរដ្ឋចំនួន ៨១៩គ្រួសារ មកពីស្រុកកំពង់លែង។
៤៖ ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ ចែកជូនប្រជាពលរដ្ឋចំនួន ៥៥៨គ្រួសារ មកពីស្រុកជលគិរី៕