(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសបង្ហាញអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ទី ៧លាន ដែលបានទៅលើលោកយាយនៅក្នុងខេត្តសៀមរាប។
សម្តេចតេជោ បានបញ្ជាក់លើទំព័រ Facebook យ៉ាងដូច្នេះ «តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន១០លាននាក់»។
អ្នកចាក់វ៉ាក់សាំងទី៧លាន បានទៅលើលោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សម្តេចតេជោ បានបញ្ជាក់ដែរថា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង នឹងនាំយកថវិកាចំនួន ១០លានរៀល និងសម្ភារៈផ្សេងទៀតទៅជូនលោកយាយដោយផ្ទាល់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ កម្ពុជា បានក្លាយទៅជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ាន ដែលសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនធៀបនឹងចំនួនប្រជាពលរដ្ឋដែលត្រូវចាក់។
សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃប៉ុណ្ណោះទេ តែបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានទៅចាក់វ៉ាក់សាំងថែមទៀតផង។ សម្តេចតេជោ បានឧបត្ថម្ភថវិកាសម្រាប់អ្នកចាក់ទី១លាន, ២លាន, ៣លាន, ៤លាន, ៥លាន និង៦លានផងដែរ។
ក្រៅពីនោះសម្តេចតេជោ ក៏បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ៣លានរៀល និងគ្រឿងឧបភោគបរិភោគនានា ជូនលោកយាយ លោកតាចាស់ៗដែលបានទៅចាក់វ៉ាក់សាំងផងដែរ។
តាមរយៈកាយវិការ គឺជាការស្តែងឱ្យឃើញនូវការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើការងារចាក់វ៉ាក់សាំង។ មកដល់ពេលនេះកម្ពុជារកបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋតាមផែនការប្រមាណ ១០លាននាក់ ហើយគ្រោងបិទបញ្ចប់នៅចុងឆ្នាំ២០២១នេះ។
កម្ពុជា ក៏នឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេង និងយុវវ័យអាយុ ១២ឆ្នាំ ទៅ១៧ឆ្នាំ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះផងដែរ៕