(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា រួមទាំងមន្ត្រីមួយចំនួនទៀត នឹងចូលបំភ្លឺជូនគណៈកម្មការទី១នៃរដ្ឋសភា នៅម៉ោង២៖៣០រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ។ ការបំភ្លឺនេះ ពាក់ព័ន្ធនឹងការអនុវត្តរបស់តុលាការដែលទាក់ទងនឹងសិទ្ធិប្រជាពលរដ្ឋ។
ការចូលបំភ្លឺរបស់ លោក អង្គ វង្ស វឌ្ឍានា ធ្វើឡើងតាមការអញ្ជើញរបស់ លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបានដាក់សំណើសុំទៅប្រធានរដ្ឋសភា កាលពីពេលថ្មីៗនេះ។
នៅលើបណ្តាញសង្គម Facebook , លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាងថា ក្នុងជំនួបជាមួយរដ្ឋមន្រ្តីយុត្តិធម៌ នៅរដ្ឋសភា ថ្ងៃស្អែកនេះ លោកមានប្រធានបទ៤ ដើម្បីសាកសួរទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងនោះមានដូចជា៖ ១- ការចាប់ ការឃុំខ្លួន និងការផ្តន្ទាទោសអនីតិជន ២- ការឃុំខ្លួនលើសនីតិវិធីកំណត់ ៣- កំហុសនៃការអនុវត្តនីតិវិធី និងការមិនអនុវត្តតួនាទីរបស់ចៅក្រម និងព្រះរាជអាជ្ញា ជុំវិញករណីវិវាទដីធ្លី និងវិវាទផ្សេងទៀត និង៤- ឯករាជ្យភាពរបស់តុលាការ និងការជ្រៀតជ្រែក៕