(ព្រៃវែង)៖ ប្រជាពលរដ្ឋនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង កំពុងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពួកគេបានបង្ហាញការអបអរសាទរ ចំពោះការទទួលបានឱកាសចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ១៩ និងបានគោរពដឹកគុណចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ចាត់ចែងផ្តល់វ៉ាក់សាំងចាក់ជូនពួកគេបានទាន់ពេលវេលា។
ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញពលរដ្ឋចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា លោក ស្តើង សុខុម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំចាយមារ បានអញ្ជើញទៅពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដើម្បីបង្កើននូវសុវត្ថិភាពបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ នាព្រឹកថ្ងៃទី ២៧ ខែកក្កដានេះ។
លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ បានឱ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅទូទាំងស្រុកកំចាយមារបានចាប់ផ្តើមពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ចាក់បានចំនួន ៥,២៤៣នាក់ ស្រី ២,៨៣៧នាក់។
លោកអភិបាលស្រុក បានឲ្យដឹងទៀតថា ស្រុកទទួលបានវ៉ាក់សាំងស៊ីណីហ្វាមចំនួន ២ម៉ឺនដូស នៅជំហានទី១នេះដើម្បីចាក់ជូនពលរដ្ឋក្នុងស្រុកកំចាយមារដែលមានអាយុពី ១៨ឆ្នាំឡើង មានចំនួនជាង ៦ម៉ឺននាក់។ បើតាមលោក សឿង សុជាតិ វ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ គឺខេត្ត នឹងផ្តល់ឱ្យជាបន្តបន្ទាប់ទៀត រហូតចាក់អស់ប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំង។
ថ្លែងសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋដែលកំពុងរង់ចាំការចាក់វ៉ាក់សាំងនៅឃុំក្របៅ ស្រុកកំចាយមារ លោក ស្តើង សុខុម បានពាំនាំនូវការសួរសុខទុក្ខ និងការផ្តាំផ្ញើរបស់ប្រមុខរាជរដ្ឋាភិបាល និងសម្តេចក្រឡាហោម ស ខេង ជូនចំពោះបងប្អូននៅទីនោះ។
លោក ស្តើង សុខុម បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតកូវីដ១៩ សម្តេចតេជោ បានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា។ សម្តេចតេជោ បានប្តេជ្ញាថា ទោះតម្លៃណាក៏ដោយ ត្រូវតែរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋឱ្យបាន ដែលនេះគឺជាការប្តេជ្ញាចិត្ត និងជាឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
លោក ស្តើង សុខុម បានលើកឡើងថា «រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្រ្តគន្លឹះដ៏មានប្រសិទ្ធភាពមួយដែលត្រូវអនុវត្តគួបផ្សំជាមួយវិធានការ [៣-កុំ និង ៣-ការពារ] ក្នុងការរួមចំណែកគ្រប់គ្រងមិនឱ្យមានការឆ្លងរីករាលដាល, ធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក [ប្រក្រតីភាព តាមគន្លងថ្មី] នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅនិងកិច្ចដំណើរការនៃវិស័យសង្គម-សេដ្ឋកិច្ច»។
លោកប្រធានក្រុមការងារ បានលើកឡើងទៀតថា កូវីដ១៩ បានរាលដាលពេញពិភពលោក មានប្រទេសខ្លះកំពុងតែខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជន ប៉ុន្តែវាជាភ័ព្ធវាសនាល្អសម្រាប់កម្ពុជា ដែលមានប្រមុខរាជរដ្ឋាភិបាលមានភាពឈ្លាសវៃ ទើបពលរដ្ឋកម្ពុជាទទួលបានវ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋបានទាន់ពេលវេលា។ ដូចនេះប្រជាពលរដ្ឋមិនត្រូវ មានការភ័យខ្លាចចំពោះការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នោះទេ។
ជាមួយគ្នានេះលោក ស្តើង សុខុម ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងទៀតថា កត្តាយកឈ្នះជំងឺ កូវីដ១៩ វាអាស្រ័យទី១ ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល, ទី២ ការប្រតិបត្តិរបស់ថ្នាក់ក្រោមជាតិ និងកត្តាសំខាន់មួយទៀតនោះ គឺកត្តាមនុស្សបានសេចក្តីថាបុគ្គលម្នាក់ៗ ត្រូវមានវិន័យរបស់ខ្លួន ត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ចាក់វ៉ាក់សាំងហើយក៏ត្រូវគោរពចំពោះវិធានរបស់ក្រសួងសុខាភិបាល «៣-កុំ និង ៣-ការពារ»។ នៅលើពិភពលោកមិនមែនតែកម្ពុជាទេដែលចាក់វ៉ាក់សាំងហើយឆ្លងកូវីដ១៩ នោះ។ កូវីដ១៩នៅតែឆ្លងប្រសិនបើយើងមិនការពារខ្លួនមិនគោរពវិធានរបស់ រាជរដ្ឋាភិបាល ។
លោក ស្តើង សុខុម ក៏បានកោតសរសើរដល់ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដស្រុកកំចាយមារ ដែលបានខិតខំជួយសម្របសម្រួលឱ្យដំណើរការចាក់វ៉ាក់សាំង ប្រព្រឹត្តទៅដោយរលូនមានរបៀបរៀប ដោយអនុវត្តបានល្អប្រសើរលើវិធានសុខាភិបាល ការពារការចម្លងជំងឺកូវីដ១៩ ដូចជាត្រួតពិនិត្យកម្តៅ ការបាញ់អាល់កុលមុនចូល ចាក់វ៉ាក់សាំង និង ការៀបចំកន្លែងអង្គុយមានគម្លាតសុវត្ថិភាពជាដើម។
លោក ស្តើង សុខុម បានលើកទឹកចិត្តឱ្យក្រុមការងារបន្តការងារដ៏ល្អនេះបន្តទៀត ដោយត្រូវយកចិត្តទុកដាក់រៀបចំផែនការចាក់វ៉ាកសាំងឱ្យបានល្អប្រសើរនិងទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺកូវីដ១៩ ។
លោក ពូ ម៉ៅ ជឿន អាយុប្រមាណជិត ៦០ឆ្នាំរស់នៅឃុំក្របៅ ដែលកំពុងរង់ចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពឃុំក្របៅបានថ្លែងជាមួយក្តីរីករាយថា៖ «ខ្ញុំត្រេកអរណាស់ ដែលទទួលបានការចាក់វ៉ាក់សាំងនៅថ្ងៃនេះ។ ទទួលបានវ៉ាក់សាំងហាក់ដូចជាធ្វើឲ្យខ្លួនយើងមានភាពកក់ក្តៅជាងមុន ទទួលបានវ៉ាក់សាំងនៅថ្ងៃនេះដូចបានរស់ជាលើកទី៣អ៊ីចឹងព្រោះវ៉ាក់សាំង គឺជាឱសថដ៏ចាំបាច់បំផុតក្នុងការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩។ ដូចនេះគ្មានអ្វីក្រៅពីថ្លែងការដឹងគុណជាថ្មីម្តងទៀតដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលជានិច្ចកាលធ្វើអ្វីៗទាំងអស់ ដើម្បីការពារអាយុជីវិតប្រជាជនការ ពារសុខមាលភាពរបស់ប្រជាជន»។
នៅព្រឹកថ្ងៃដដែលនោះ លោក ស្តើង សុខុម ក៏បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលកំពុងជួយព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ១៩និងបងប្អូនអ្នកជំងឺកូវីដ១៩ នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំចាយមារចំនួន ៧១នាក់។
នៅទីនោះលោក ស្តើង សុខុម បានកោតសរសើរចំពោះក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ស្រុកកំចាយមារ ដែលបានខិតខំទប់ស្កាត់ការរីករាលដាលកូវីដ១៩ ជាសហគមន៍ដែលបានផ្ទុះឡើងនៅស្រុកកំចាយមារនាសប្តាហ៍កន្លងទៅឱ្យមានការថយចុះ និងបានព្យាបាលអ្នកកើតកូវីដ១៩ បានជាសះស្បើយជាច្រើននាក់ និងធ្វើឱ្យចំនួនអ្នកធ្វើចត្តាឡីស័កនៅក្នុងស្រុកមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។
ជាក់ស្តែងក្នុងរយៈពេលនៃការផ្ទុះកូវីដ១៩ នៅក្នុងរោចក្រកាត់ដេរមួយកន្លែងនៅក្នុងឃុំស្មោងខាងជើងកាលពីពាក់កណ្តាលខែកក្កដាបានធ្វើឱ្យស្រុកកំចាយមារមាន អ្នកវិជ្ជមានកូវីដ១៩ រហូត ២៨៥នាក់ ក្នុងនោះកម្មកររោងចក្រមានចំនួន ២៥៨នាក់ និងប្រជាជនធម្មតាចំនួន២៧នាក់ ចំណែកអ្នកកំពុងធ្វើចត្តាឡីស័កមានចំនួន ៧១១នាក់ ស្រី ៥៧៥នាក់។
អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ ចំនួន ២១១នាក់ និង ៧៤នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។ ក៏ប៉ុន្តែគិតត្រឹមថ្ងៃ២៧ ខែកក្កដានេះ មានអ្នជាសះស្បើយប្រមាណ ១៤០នាក់ បច្ចុប្បន្ននៅក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំចាយមារ មានអ្នកជំងឺនៅសល់ត្រឹម ៧១នាក់ប៉ុណ្ណោះ។ ចំណែកអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កទាំង៨ឃុំ មានចំនួន ៣៧៥នាក់ ថយចុះប្រមាណ ៣៣៦នាក់។
លោក ស្តើង សុខុម បានចាត់ទុកការធ្លាក់ចុះនៃអ្នកឆ្លងកូវីដ១៩ នាពេលនេះ បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃការខិតខំរបស់គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ១៩ ស្រុកកំចាយមារ ដែលបានបំពេញការងាររបស់ខ្លួនក្នុងការបន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ មកក្នុងស្រុកភូមិរបស់យើង, ការខិតខំកាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប,ការបន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់បន្ថយអត្រាអ្នកស្លាប់, ខិតខំរុករកនិងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាបលរដ្ឋ។
លោក ស្តើង សុខុម ក៏បានសំដែងការសោកស្តាយចំពោះអ្នកជំងឺកូវីដ១៩ម្នាក់ ដែលបានស្លាប់ដោយសារគាត់មានរោគប្រចាំកាយច្រើន ពេលមកដល់មណ្ឌលគឺជំងឺរបស់គាត់មានភាពធ្ងន់ធ្ងរទៅហើយ លោកបានសំដែងសមាណទុក្ខចំពោះគ្រួសារសពផងដែរ ។
នៅក្នុងឱកាសនោះដែរលោក ស្តើង សុខុម ក៏បានផ្តល់ការលើកទឹកចិត្តអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលត្រូវខិតខំធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យលេបថ្នាំទៅតាមការបញ្ជា ខិតខំទទួលទានអាហារឲ្យបានគ្រប់គ្រាន់ ថែរក្សាអនាម័យខ្លួនប្រាណ សម្រានឱ្យបានច្រើន និងត្រូវហាត់ប្រាណផងដែរ។
លោកបន្តថា «បើបងប្អូនធ្វើបានបែបនេះបងប្អូននិងជាពីជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗខាងមុខ។ ហើយនៅពេលដែលបងប្អូនបានជាសះស្បើយហើយពេលត្រឡប់ទៅវិញមិនត្រូវភ្លេចខ្លួននោះទេ ដើម្បីយកឈ្នះកូវីដ១៩ បងប្អូនត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ដើម្បីការពារសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុខុមាលភាពរបស់គ្រួសារ សហគមន៍ និងសង្គមជាតិយើងទាំងមូល»។
នៅក្នុងឱកាសនោះជាការលើកទឹកចិត្តដល់ក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ស្រុក, ក្រុមគ្រូពេទ្យដែលកំពុងព្យាបាលអ្នកជំងឺ, ក្រុមគ្រូពេទ្យកំពុងដំណើរការចាក់វ៉ាក់សាំង និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលកូវីដ១៩ លោក ស្តើង សុខុម បាននាំយកអំណោយរបស់សប្បុរសជន និងរូបលោកផ្ទាល់ ចែកជូនផងដែរ។ ក្នុងនោះផ្ដល់ជូនរដ្ឋបាលស្រុក មានម៉ាស់ ៣៥០ប្រអប់ ស្មើនឹង ១៧,៥០០បន្ទះ, ជែលចំនួន ៩កេសស្មើនឹង៣២៩ដប, ផ្ដល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថវិកាចំនួន ៥០០,០០០រៀល, ថ្នាំគ្រាប់ចិន ៥០០ប្រអប់, ឧបត្ថម្ភគ្រូពេទ្យកំពុងព្យាបាលអ្នកជំងឺចំនួន ១៥នាក់ក្នុងម្នាក់ៗ ១០០,០០០រៀល សរុប ១,៥០០,០០០រៀល។
ជូនអ្នកជំងឺកូវីដ១៩ ចំនួន ៦៩នាក់ក្នុងម្នាក់ៗទទួលថវិកា ២០,០០០រៀល ដោយឡែកអ្នកជំងឺធ្ងន់ធ្ងរ ២នាក់ទៀតក្នុងម្នាក់ៗ ១០០,០០០រៀលសរុប ១,៥៨០,០០០រៀល។ ផ្ដល់ជូនរដ្ឋបាលឃុំទាំង៨ ក្នុងមួយឃុំទទួលបានអង្ករ ២០០គីឡូ ថវិកាចាក់មីក្រូ ១,០០០,០០០រៀល ថ្លៃដឹកជញ្ជូន ២០០,០០០រៀល, ឧបត្ថម្ភគ្រូពេទ្យចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាពឃុំទាំង៨ ក្នុង១ឃុំគ្រូពេទ្យ ៣នាក់ក្នុងម្នាក់ៗ ១០០,០០០រៀល ក្រុមយុវជន ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៤០,០០០រៀល សរុប ទាំងអស់ ៤លានរៀល។
ជាមួយគ្នានេះលោក ស្តើង សុខុម ក៏បានឧបត្ថម្ភថវិកាសម្រាប់ទិញបំពង់អ៊ុកស៊ីសែនចំនួន ៥ដាក់នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំចាយមារគិតជាទឹកប្រាក់ចំនួន ៦៥០ដុល្លារអាមេរិក។
តមកនៅព្រឹកថ្ងៃដដែលលោក ស្តើង សុខុម ក៏បានអញ្ជើញទៅពិនិត្យមើលការស្ថាបនាផ្លូវបេតុងមួយខ្សែភ្ជាប់ពីសាលាឃុំក្របៅទៅស្ថានីយផលិតទឹកស្អាតឃុំក្របៅ មានប្រវែង ៥២ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលចំណាយអស់ទឹកប្រាក់ចំនួន ២,៥០០ដុល្លារអាមេរិក៕