(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ ប្រមុខអង្គភាពប្រឆាំងអំពើពុករលួយ បានប្រញាប់ប្រញាល់ចេញសេចក្តីប្រកាសមួយ ដោយធ្វើការបដិសេធចំពោះ ការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ ដោយបានស្រង់សម្តីរបស់លោក ចុះផ្សាយខុសពីការពិតទាក់ទង នឹងការសម្រេចរបស់ ACU បើកកញ្ចប់ឯកសារប្រកាសទ្រព្យសម្បត្តិ របស់លោក កឹម សុខា។
យោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា៖ «សារព័ត៌មានថ្មីៗ ចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា នៅម៉ោង១០៖៥៦នាទី ដោយអ្នកសរសេរឈ្មោះ រំដួល ចិត្រា បានសរសេរថា ACU ឲ្យ កឹម សុខា ទៅប្រកាសទ្រព្យសម្បត្តិជាថ្មីម្តងទៀត, ដោយលោកប្រធានអង្គភាពប្រឆាំង អំពើពុករលួយ សម្រេចហែកចោលសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់ ឯកឧត្តម កឹម សុខា ចាស់ ហើយតម្រូវឲ្យឯកឧត្តម កឹម សុខា ប្រកាសទ្រព្យសម្បត្តិជាថ្មី»។
ពាក់ព័ន្ធនឹងព័ត៌មាននេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតបដិសេធយ៉ាងដូច្នេះថា
«ប្រធាន អ.ប.ព មិនបាននិយាយយ៉ាងដូច្នោះ ឬមានន័យយ៉ាងដូច្នោះសោះ។ ពាក់ព័ន្ធនឹងប្រការនេះ អ.ប.ព សូមបញ្ជាក់ថា ប្រធាន អ.ប.ព បានបញ្ជាក់ ឯកឧត្តម កឹម សុខា បានប្រកាសទ្រព្យសម្បតិ្ត៣លើក ដោយត្រឹមត្រូវតាមពេលវេលាហើយ ប្រធាន អ.ប.ព សម្រេចហែកស្រោមសំបុត្រឯកសារ ប្រកាសទ្រព្យសម្បត្តិទាំង៣នេះ ដើម្បីពិនិត្យពីករណីទ្រព្យសម្បត្តិ តាមនីតិវិធីជាធរមាន»។ ប្រធាន អ.ប.ព គ្មានការនិយាយថា ហែកចោលសំបុត្រប្រកាសទ្រព្យសម្បត្តិទាំង៣ របស់ឯកឧត្តម កឹម សុខា នោះទេ ហើយក៏មិនបាននិយាយថា នឹងឲ្យឯកឧត្តម កឹម សុខា មកធ្វើលិខិតប្រកាសទ្រព្យសម្បត្តិជាថ្មី ឬថាអង្គភាពនឹងរៀបចំលិខិតនៅថ្ងៃស្អែក ដើម្បីបើកឯកសារប្រកាសទ្រព្យសម្បត្តិថ្មី ដោយស្នើសុំឲ្យឯកឧត្តម កឹម សុខា ប្រកាសទ្រព្យសម្បត្តិម្តងនោះ ក៏គ្មានដែរ»៕