(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ដែលជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ ជាខួប ៣ឆ្នាំ នៃការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ អនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា។
តាមរយៈ Facebook, លោក ហ៊ុន ម៉ានី បានលើកឡើងថា កាលពី៣ឆ្នាំមុន នៅថ្ងៃនោះ ប្រជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិបោះឆ្នោត និងបានចុះឈ្មោះបោះឆ្នោត បានចេញទៅអនុវត្តសិទ្ធិរបស់ខ្លួនយ៉ាងច្រើនកុះករ ដើម្បីជ្រើសរើសគណបក្ស ដែលខ្លួនយល់ឃើញថាសក្តិសម និងដែលខ្លួនជឿជាក់ និងផ្តល់សេចក្តីទុកចិត្តក្នុងការកាន់ចង្កូតនាវាកម្ពុជា និងដឹកនាំគោលនយោបាយជាតិ។
អ្នកបោះឆ្នោត ៨៣,០២% នៃចំនួនអ្នកបានចុះឈ្មោះបោះឆ្នោតសរុប បានធ្វើការជ្រើសរើសគណបក្សដែលខ្លួនពេញចិត្តពីក្នុងចំណោមគណបក្សនយោបាយ ២០ ដែលបានចូលរួមក្នុងការបោះឆ្នោត។ ក្នុងចំណោមអ្នកអ្នកដែលទៅបោះឆ្នោតទាំង ៨៣,០២% នោះ មានប្រជាពលរដ្ឋជាង ៧៦% បានផ្តល់សេចក្តីទុកចិត្តរបស់ខ្លួនមកលើគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលក្នុងនីតិកាលទី៦បន្តទៀត។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា «ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងនាមខ្ញុំជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងក្នុងនាមខ្លួនខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងការវាយតម្លៃខ្ពស់ចំពោះការផ្តល់សេចក្តីទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា មកលើគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ អាណត្តិ ដែលប្រគល់ជូនដោយប្រជាពលរដ្ឋ ស្របតាមនីតិវិធីរបស់រដ្ឋធម្មនុញ្ញ បានផ្តល់នូវកម្លាំងចិត្ត ព្រមទាំងយុត្តិធម៌ និងការទទួលស្គាល់នូវពលិកម្ម និងសមិទ្ធផលធំធេងនានារបស់គណបក្សចំពោះជាតិ និងប្រជាជន មិនថាជាការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម សមិទ្ធផលថ្លៃថ្លាមិនអាចប្រកែកបាននៃការបញ្ចប់ជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃរបស់កម្ពុជា ដោយទទួលបានមកវិញនូវសន្តិភាពពេញលេញ ស្ថិរភាព ការអភិវឌ្ឍ ការងារ និងកាលានុវត្តភាពនានាជូនប្រជាពលរដ្ឋទូទាំងប្រទេស»។
លោកបន្តថា ដើម្បីជាការតបស្នងចំពោះសេចក្តីទុកចិត្ត និងជំនឿជាក់របស់ប្រជាពលរដ្ឋ គណបក្ស ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគណបក្សទាំងអស់ មិនដែលទៅណាចោលប្រជាជនមួយវិនាទីណាឡើយ ជាពិសេសទៅទៀតគឺការបន្តមានវត្តមានគ្រប់ពេលវេលារបស់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពេលប្រទេសជាតិជួបវិបត្តិ ដែលមានជាអាទិ៍ គ្រោះមហន្តរាយនៃការរលំអគារ គ្រោះមហន្តរាយធម្មជាតិ និងថ្មីៗនេះ គឺការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ដែលកំពុងគំរាមកំហែងកម្ពុជា និងសកលលោកនេះ។
តាំងពីពេលចាប់ផ្តើមដំបូងនៃការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ជាប់ជាប្រចាំរបស់សម្តេចនាយករដ្ឋមន្រ្តី បានចាត់ទុកសុខុមាលភាព សុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត។ ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលមានការងារទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតនេះ ជាពិសេស កម្មករនិយោជិតក្នុងវិស័យទេសចរណ៍ កាត់ដេរ និងអ្នកប្រកបអាជីវកម្មប្រចាំថ្ងៃដែលប៉ះពាល់ធ្ងន់ បានទទួលនូវការឧបត្ថម្ភសាច់ប្រាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល បើទោះបីជាមិនស្មើនឹងចំណូលដែលពួកគាត់រកបានមុនពេលមានជំងឺកូវីដ ១៩ ក្តី តែនេះជាការរួមចំណែកមួយយ៉ាងសំខាន់សម្រាប់ពួកគាត់។
មិនតែប៉ុណ្ណោះ កម្ពុជាក៏បានបង្កើតកំណត់ត្រាក្នុងការអនុវត្តយុទ្ធសាស្រ្ត និងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលមកទល់ពេលនេះ យើងធានាបានថាយើងទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ដែលមានប្រភពពីប្រទេសផ្សេងៗលើសកលលោក សម្រាប់ចាក់ជូនប្រជាពលរដ្ឋយ៉ាងតិច ១០ លាននាក់។ ចំនួនវ៉ាក់សាំងដែលកម្ពុជាបាន និងកំពុងទទួលជាបន្តបន្ទាប់ និងកំពុងត្រៀមបញ្ជូនមក អាចធានាបានថា យុទ្ធនាការចាក់វ៉ាក់សាំងអាចប្រព្រឹត្តទៅបានដោយរលូន និងដោយគ្មានការបារម្ភពីបញ្ហាខ្វះវ៉ាក់សាំងចាក់នោះទេ។
លោក ហ៊ុន ម៉ានី បន្ថែមថា «ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាម្នាក់ ខ្ញុំសូមថ្លែងនូវអំណរគុណដល់មិត្តភក្តិបរទេសទាំងអស់ ដែលបានចូលរួមប្រកបដោយទឹកចិត្តសប្បុរសតាមគ្រប់រូបភាព ដើម្បីជួយដល់កម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩។ ការងារវ៉ាក់សាំង និយាយដោយឡែក ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជប៉ុន ដែលបានផ្តល់នូវវ៉ាក់សាំងជាបន្តបន្ទាប់ ដែលអាចអនុញ្ញាតឱ្យកម្ពុជាមានលទ្ធភាព ផ្តល់ខែលការពារដល់ប្រជាពលរដ្ឋខ្លួន បញ្ចៀសបាននូវការធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺកូវីដ ១៩។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះមិត្តភក្តិបរទេសដទៃទៀតដែលបានសន្យានូវការបរិច្ចាគ វ៉ាក់សាំងបង្ការកូវីដ ១៩ ទោះតាមយន្តការទ្វេរភាគី ឬទាំងយន្តការ Covax ក្តី ហើយយើងសង្ឃឹមថាយើងនឹងទទួលបានវ៉ាក់សាំងនេះក្នុងដៃដើម្បីអាចបន្តការចាក់ជូនប្រជាពលរដ្ឋបន្ថែមទៀត»។
គណបក្សប្រជាជនសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើនជូនជាតិមាតុភូមិ តែនៅមានការងារជាច្រើនដែលត្រូវបន្តធ្វើ ដើម្បីប្រជាជនអាចឆ្លងផុតគ្រាលំបាក នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងឈានទៅការស្រោចស្រង់សេដ្ឋកិច្ចជាតិ ហើយរួមគ្នាធ្វើដំណើរឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។ ជឿជាក់លើ គណបក្សប្រជាជនកម្ពុជា ហើយគណបក្សនឹងនៅជាមួយយើងទាំងអស់គ្នាគ្រប់កាលៈទេសៈ និងធ្វើអ្វីៗទាំងអស់ដើម្បីបង្ករបរិយាកាសភ្លឺស្វាងសម្រាប់ថ្ងៃនេះ និងអនាគត។
លោកថ្លែងទៀតថា «ខ្ញុំសូមថ្លែងអំណរគុណជាពិសេសជូនចំពោះបងប្អូន ក្រុមគ្រូពេទ្យ មន្រ្តីសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់ផ្នែកដែលនៅជួរមុខទាំងអស់ ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានឈរជើងប្រចាំការក្នុងការជួយសង្រ្គោះអាយុជីវិត ប្រជាជនគ្រប់ពេលវេលា ក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។ ”ខ្មែរធ្វើបាន” !យើងពិតជាធ្វើបាន»៕