(កណ្ដាល)៖ ពលរដ្ឋស្រុកកៀនស្វាយ១៤៣នាក់ បានដាក់លិខិតស្នើអាជ្ញាធរដោះស្រាយបញ្ហាថៅកែខ្សាច់មួយរូបជាមន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃឈ្មោះ ចាន់ វិទូ កាយផ្ដាច់ផ្លូវសាធារណ: មិនឲ្យពលរដ្ឋធ្វើដំណើរទៅអាស្រ័យផលលើដីខាងក្រោនោះឡើយ ដែលជាហេតុធ្វើឲ្យពួកគាត់កើតទុក្ខមិនសុខចិត្ត ប្ដឹងតវ៉ាទៅអាជ្ញាធរ ដើម្បីដោះស្រាយបន្ទាន់លើករណីនេះ ។
លោក ផាន់ ផានី តំណាងប្រជាពលរដ្ឋចំនួន១៤៣នាក់ នៅក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ បានឱ្យដឹង កាលពីថ្ងៃទី២៧ កក្កដា ២០២១នេះថា ផ្លូវនេះ គឺពួកគាត់ប្រើប្រាស់សម្រាប់ធ្វើដំណើរទៅនេសាទត្រី ដកព្រលឹត ដកក្រអៅឈូក បេះត្រកួន និងស្លឹកឈូកនៅបឹងធំ ព្រមទាំងធ្វើដំណើរទៅកាន់ទីសក្ការៈបូជាកំពង់រទេះ កោះលៀស និងកោះស្លែងអណ្តែត តតាំងពីដូនតាមកម្ល៉េះ។
លោកថាកន្លងមក ដោយសារតែឃើញផ្លូវនេះទាបលិចទឹក ពិបាកធ្វើដំណើរក៏មានសប្បុរជនបានជួយចេញប្រាក់ដើម្បីចាក់ដីបំពេញ ស្រួលធ្វើដំណើរ ធ្វើឱ្យពួកគាត់សប្បាយចិត្តណាស់។ ប៉ុន្តែ ស្រាប់តែកាលពីថ្ងៃទី១៩ កក្កដា កន្លងទៅនេះ លោក ចាន់ វិទូ ដែលជាម្ចាស់អាជីវកម្មបូមខ្សាច់ នៅក្បែរផ្លូវមួយខ្សែនេះ បានបញ្ជាឱ្យកូនចៅយកអេស្កាវ៉ាកាយផ្តាច់ផ្លូវនេះធ្វើឱ្យពួកគាត់មិនអាចដំណើរបាន ទើបបានជាពួកគាត់ដាក់ពាក្យបណ្តឹងទៅកាន់សាលាឃុំឈើទាល និងសាលាស្រុកកៀនស្វាយ ហើយលើកគ្នាធ្វើការតវ៉ាយ៉ាងដូច្នេះ ព្រោះបើផ្លូវនេះត្រូវកាត់ផ្តាច់ ពួកគាត់គ្មានផ្លូវសម្រាប់ធ្វើដំណើរទៅបឹងប្រកបរបរចិញ្ចឹមជីវិត និងមិនអាចទៅកាន់ទីសក្ការៈបូជា បានឡើយ ដូច្នេះ សូមថ្នាក់លើមេត្តាអន្តរាគមន៍ឱ្យឈ្មួញកាយលុបផ្លូវឱ្យបានដូចដើមវិញផង។
លោក កៅ សេង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុកកៀនស្វាយ បានឲ្យដឹងថា បន្ទាប់ពីទទួលបានបញ្ជាពីលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ ទៅពិនិត្យលើករណីនេះ ឃើញថា ផ្លូវពិតជាត្រូវបានភាគីខាងនោះកាយផ្ដាច់ពិតប្រាកដមែន ហើយបើសិក្សាស្រាវជ្រាវទៅឃើញថាលោក ចាន់ វិទូ ពិតជាបានបំពានពិតមែន នោះអាជ្ញាធរនឹងធ្វើការព្រមាន ឬពិន័យទៅតាមរដ្ឋបាលមិនខានឡើយ ។
បើតាលោកស្រី អ៊ុក សឿន មេឃុំឈើទាល បានបញ្ជាក់ថា ដីផ្លូវសាធារណៈនេះមានទទឹង ៧ម៉ែត្រ និងបណ្តោយចាប់ពីចំណុចដែលកាយដល់កោះស្លែងអណ្តែត ប្រវែង២៤១ម៉ែត្រ ហើយត្រូវបានភាគី ចាន់ វិទូ កាយផ្ដាច់ពិតមែន ហើយលោកស្រីបានធ្វើរបាយការណ៍ជូនស្រុកហើយរង់ចាំការសម្រេចពីខាងស្រុក ។
ចំណែកឯ លោក អ៊ូ ឈៀង អភិបាលស្រុកកៀនស្វាយ ក៏បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តផងដែរថា លោកកំពុងសិក្សាស្រាវជ្រាវលើករណីនេះ បើសិនជារកឃើញថាភាគីម្ខាងពុតជាបានកាយផ្ដាច់ផ្លូវសាធារណ:មែន នោះលោកនឹងបញ្ជាឲ្យកាលយលុបបើកផ្លូវឡើងវិញ ប៉ុន្តែបើសិនរកឃើញថាភាគីខាងនោះកាយលើផ្លូវរបស់គាត់ នោះលោកនឹងរកដំណោះស្រាយផ្សេងទៀត ។
ជុំវិញបញ្ហានេះ លោក ចាន់ វិទូ មិនអាចស្នើការសម្ភាសបានឡើយដោយសារលោកបានចុចបិទទូរស័ព្ទ នៅពេលដែលភ្នាក់ងារ Fresh News ព្យាយាមទាក់ទងលោកតាមប្រព័ន្ធទូរស័ព្ទ៕