(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ពីការត្រៀមថវិកាមួយចំនួនធំរួចជាស្រេច សម្រាប់បន្តផ្តល់ឥណទាន ប្រមូលទិញស្រូវពីប្រជាកសិករ នៅរដូវប្រមូលផលដ៏ខ្លីខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ARDB ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ន ARDB បានផ្តល់ឥណទានយ៉ាងសកម្ម ដើម្បីផ្តល់ជាទុនបង្វិល ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃ និងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ។ ក្នុងរដូវប្រមូលផលស្រូវឆ្នាំ ២០២១នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ឥណទានជាបន្តបន្ទាប់ ហើយបានត្រៀមថវិកាមួយចំនួនធំ សម្រាប់បន្តផ្តល់ឥណទាន ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃ និងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវ ពីបងប្អូនប្រជាកសិករ ក្នុងរដូវប្រមូលផលដ៏ខ្លីខាងមុខ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលកញ្ចប់ថវិកាក្រោមកម្មវិធីពិសេស ពីរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្នមានចំនួន ៨០ លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម ដែល ARDB ទើបទទួលបានសម្រាប់បង្កើនដើមទុន ដើម្បីជំរុញការទិញស្រូវពីប្រជាកសិករ សំដៅធ្វើឱ្យតម្លៃស្រូវក្នុងប្រទេសមានស្ថិរភាព និងបង្កើនសន្និធិស្រូវសម្រាប់ផ្គត់ផ្គង់ ដល់ការកែច្នៃអង្ករផ្គត់ផ្គង់តម្រូវការក្នុងប្រទេស និងការនាំចេញ»។
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបញ្ជាក់ទៀតថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្លួនបាន និងកំពុងផ្តល់ឥណទានជាទុនបង្វិលគាំទ្រដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិនកែច្នៃ និងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករគ្រប់រដូវប្រមូលផល ដោយទទួលយកសន្និធិស្រូវ-អង្ករ ជាវត្ថុធានាបំណុល ស្របតាមគោល-នយោបាយរបស់រាជរដ្ឋាភិបាល។ សមិទ្ធផល និងឥណទានយ៉ាងច្រើនសម្រាប់គាំទ្រវិស័យកសិកម្ម ជាពិសេសវិស័យស្រូវ-អង្ករនេះ កើតចេញពីការគិតគូររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះជីវភាពបងប្អូនប្រជាកសិករទាំងអស់ទូទាំងប្រទេសជាប្រចាំ និងគ្រប់ពេលវេលា៕