(ភ្នំពេញ)៖ នៅម៉ោង៤៖១០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង នៅទីក្រុងសាន់យ៉ា (Sanya) និងចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ នៅទីក្រុងបូអាវ (Bo Ao) នៅខេត្តហៃណាន ប្រទេសចិន រយៈពេល៣ថ្ងៃ។

ប្រជុំកំពូល ឡានឆាង-មេគង្គ លើកដំបូង (1st Lancang-Mekong Cooperation Leader’s Meeting-LMC) ត្រូវបានធ្វើឡើង នៅទីក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិន ក្នុងនោះមានមេដឹកនាំប្រទេស៦ចូលរួម។ ប្រទេសទាំង៦នោះ រួមមានកម្ពុជា ចិន ឡាវ ថៃ មីយ៉ានម៉ា និងវៀតណាម។

សូមជំរាបថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ​ សម្រាប់កិច្ចប្រជុំកំពូល ឡានឆាង-មេគង្គ (LMC) ជាលើកទី២ បន្ទាប់ពីប្រទេសចិន នៅឆ្នាំ២០១៨ខាងមុខនេះ។ ការទទួលធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងទៅតាមសំណូមពររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕