(ភ្នំពេញ)៖ សុនខហិតមីនរបស់កម្ពុជា ចំនួន៦ក្បាល ត្រូវបានលក់ឲ្យទៅប្រទេសកេនយ៉ា (Kenya) និងប្រទេសស៊ូដង់ខាងត្បូង (South Sudan) ដើម្បីយកទៅប្រតិបត្តិការរំដោះមីន នៅក្នុងប្រទេសដែលស្ថិតក្នុងតំបន់អាហ្វ្រិកទាំងនេះ។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ថា កម្ពុជាលក់សុនខឲ្យទៅបរទេសបែបនេះ ធ្វើឲ្យកម្ពុជាក្លាយពីប្រទេសដែលធ្លាប់ទិញ ឬសុំសុនខហិតមីនពីបរទេសទៅជាអ្នកផ្គត់ផ្គង់វិញម្តង។
លោកបានបញ្ជាក់យ៉ាងដូច្នេះ «ពួកគេទាំង៦ក្បាលត្រូវចេញដំណើរ ទៅក្រៅប្រទេសហើយ ក្នុងនោះ២ក្បាលទៅប្រទេសកេនយ៉ា និង៤ក្បាល ត្រូវទៅប្រទេសស៊ូដង់ខាងត្បូង»។
លោកបន្តថា «អ្វីដែលជាមោទនភាពនៃក្រុមជំនាញសុនខស៉ីម៉ាក់នៅទីនេះ គឺអង្គភាពស៉ីម៉ាក់បានកែប្រែស្ថានភាពពីទិញ ឬសុំសុនខពីបរទេសមកប្រតិបតិការនៅកម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់សុនខទៅអន្តរជាតិផង និងគាំទ្រកិច្ចប្រតិបត្តិការក្នុងប្រទេសផង។ នេះជា សមិទ្ធិផលនៃការពង្រឹងភាពជាម្ចាស់ ទាំងចំណេះដឹង និងចំណេះធ្វើ ពង្រឹងសមត្ថភាពធនធានមនុស្ស នីតិវិធី និងសម្ភារបច្ចេកទេស! ខែ្មរអាចធ្វើបាន!»។
បើតាមមន្ត្រីស៉ីម៉ាក់ សុនកហិតមីនទាំង ៦ក្បាលនេះ ត្រូវបានលក់ក្នុងតម្លៃពី ៣៥០០ដុល្លារក្នុងមួយក្បាល តាមរយៈអង្គការអាប៉ូប៉ូ (APOPO) ខណៈកាលពីពេលមុន កម្ពុជាធ្លាប់ទិញសុនខពីបរទេស ក្នុងមួយក្បាលតម្លៃដល់ទៅ៣ម៉ឺនដុល្លារ។
សូមជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជាបានលក់សុនខទៅបរទេស ចំនួន៤ក្បាល ទៅឲ្យតួកគី និងស៊ូដង់៕