(ភ្នំពេញ)៖ លោក ស៉ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ឈប់ដីកាបញ្ជាឲ្យចូលខ្លួន លើមន្ដ្រីយោធាឈ្មោះ អេង អូន ពាក់ព័ន្ធបទល្មើសឆបោក និងរំលោភលើទំនុកចិត្ត ក្រោយមានភ័ស្ដុតាងបញ្ជាក់អំពីភាពស្អាតស្អំរបស់មន្ដ្រីយោធារូបនេះ។
ដីកាបញ្ឈប់ដីកាបញ្ជាឲ្យចូលខ្លួន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «បញ្ឈប់សុពលភាពដីកាបញ្ជាឲ្យចូលខ្លួនលេខ១៩២ អ.យ.ដ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ អេង អូន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ រហូតដល់មានសេចក្ដីសម្រេចជាថ្មី»។
បន្ថែមពីនេះ មន្ដ្រីយោធាឈ្មោះ អេង អូន ក៏បានអះអាងថា អ្វីដែលជាការចោទប្រកាន់ថា លោកពាក់ព័ន្ធជាមួយអំពើឆបោក និងរំលោភលើទំនុកចិត្តនោះ គឺជាការប្រឌិតទាំងស្រុង ដែលមានចេតនាបំផ្លាញកិត្តិយស របស់លោកតែប៉ុណ្ណោះ ខណៈលោកមានភ័ស្ដុតាងគ្រប់គ្រាន់បញ្ជាក់អំពីភាពស្អាតស្អំ ជុំវិញករណីដែលគេបានចោទប្រកាន់នេះ៕