(តាកែវ)៖ ដំណើរការសាងសង់ផ្សារណាត់ ដែលជាផ្សារវ័យចំណាស់មួយនៅកណ្ដាលក្រុងដូនកែវ មានទីតាំងនៅក្នុងសង្កាត់រការក្នុង ក្រុងដូនកែវ រហូតមកដល់ពេលនេះសម្រេចបានលទ្ធផលប្រហែលជាង ៣០ភាគរយហើយ។ នេះបើយោងតាមម្ចាស់គម្រោងវិនិយោគផ្សារណាត់ បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News។

លោក ឡោ ជំនឹត ម្ចាស់វិនិយោគផ្សារណាត់ បានឲ្យដឹងថា «រហូតមកដល់ពេលនេះដំណើរការសាងសង់ផ្សារណាត់ នៅក្នុងក្រុងដូនកែវ សម្រេចបានលទ្ធផលប្រមាណ ៤៥ភាគរយហើយ។ ហើយនៅក្នុងខែមករាដើម ឆ្នាំ២០២២ ខាងមុខនេះ អាជីវករអាចចូលមកលក់នៅជាន់ក្រោមបណ្ដើរៗ»

លោកបានថ្លែងថា «បើតាមគម្រោងសាងសង់សង់ផ្សារណាត់នេះឲ្យហើយក្នុងរយៈពេល១៥ខែ គឺដំណើរការសាងសង់អាចនឹងសាងសង់ហើយមុនផែនការកំណត់»

នៅក្នុងឱកាសនេះដែរ ចុះពិនិត្យមើលការសាងសង់ផ្សារណាត់ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ អភិបាលក្រុងដូនកែវ ក៏បានធ្វើការណែនាំម្ចាស់វិនិយោគ ក៏ដូចជាក្រុមជាងត្រូវធ្វើយ៉ាងណាសាងសង់ឱ្យត្រូវ ទៅតាមបទដ្ឋានបច្ចេកទេស នឹងត្រូវពន្លៀនក្នុងការសាងសង់ ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនអាជីវករអាចបានចូលលក់ឆាប់ៗផងដែរ។

អភិបាលក្រុងដូនកែវ ក៏បានផ្ដល់អនុសាសន៍ដល់ម្ចាស់វិនិយោគក៏ដូចជាក្រុមជាង «គួតែធ្វើគ្រឹះឱ្យបានរឹងមាំ ពោល គឺគួតែធ្វើទុកសម្រាប់ការសាងសង់ជាន់បន្ថែម២ ទៅ៣ជាន់ទៀត ព្រោះទៅថ្ងៃខាងមុខកំណើនប្រជាពលរដ្ឋ ក្រុងដូនកែវ ពិតជាកើនឡើងថែមទៀតជាក់ជាពុំខាន ហើយផ្សារនៅក្នុងក្រុងដូនកែវ មានតែ២ប៉ុណ្ណោះ គឺផ្សារតាកែវ និងផ្សារណាត់នេះ ដូច្នោះ អ្នកវិនិយោគគួតែមានផែនការទៅថ្ងៃខាងមុខ ដែលអាចនឹងបន្តការស្នើសុំវិនិយោគផ្សារ ដោយសាងសង់បន្ថែម២ ទៅ៣ជាន់បន្ថែមទៀត»

គួរបញ្ជាក់ថា ផ្សារណាត់ មានទីតាំងនៅក្នុងសង្កាត់រការក្នុង ក្រុងដូនកែវ ត្រូវបានចាប់ផ្ដើមធ្វើពិធីក្រុងពាលីបញ្ចុះបឋមសីលាសាងសង់កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ ផ្សារវិនិយោគនេះ មានទំហំទទឹង ១៥ម៉ែត្រគុណនឹងបណ្ដាយជាង៨០ម៉ែត្រ ដែលមានកម្ពស់ ៣ជាន់ មានតូបជាង ២០០តូប ត្រូវបានវិនិយោគចំនួន៣០ឆ្នាំហើយគ្រោងសាងសង់រួចរាល់នៅក្នុងរយៈពេល១៥ខែ។

បន្ថែមពីនេះទៀត លោក ឡោ ជំនឹត ម្ចាស់គម្រោងវិនិយោគផ្សារណាត់បានសំដែងក្ដីរំពឹងថា «គម្រោងវិនិយោគនេះ និងប្រែក្លាយផ្សារណាត់ ដែលជាផ្សារវ័យចំណាស់មួយនៅក្នុងក្រុងដូនកែវ ឲ្យក្លាយជាផ្សារទំនើបមួយ ហើយជាពិសេសវានឹងធ្វើឱ្យក្រុងដូនកែវ ប្រែមុខមាត់ថ្មី និងកាន់តែមានសោភ័ណភាពស្រស់បំព្រងទ្វេឡើង ជាក់ជាពុំខាន»