(ព្រះវិហារ)៖ អំណោយរបស់សប្បុរសជនតាមរយៈកម្មវិធីសប្បុរសធម៌ «ខ្មែរតែមួយបេះដូងតែមួយ» ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ ដឹកនាំក្រុមការងារនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ចុះចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងក្រុងព្រះវិហារ ដែលមានជីវភាពខ្វះខាតប៉ះពាល់ ដោយសារការបិទខ្ទប់ដោយជំងឺកូវីដ១៩។
លោក វុធ សាវី បានថ្លែងថា ក្នុងនាមលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ព្រមទាំងលោកព្រះរាជអាជ្ញារងជាច្រើនរូបទៀត លោកបានដឹកនាំ ក្រុមការងារនាំអំណោយសប្បរសជន ដែលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៍ «ខ្មែរតែមួយបេះដូងតែមួយ» ចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះដែលជួបការលំបាក ចំនួន៣៩គ្រួសារ នៅក្រុងព្រះវិហារ ដែលរងគ្រោះដោយការបិទខ្ទប់ដោយសារជំងឺកូវីដ១៩។
លោកព្រះរាជអាជ្ញារង បានថ្លែងបញ្ជាក់ថា ក្នុងទិសដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនោះ លោកមានគំនិតបង្កើតឡើងកម្មវិធីសប្បុរសធម៍ «ខ្មែរតែមួយបេះដូងតែមួយ» ក្នុងទិសដៅស្វែងរកជំនួយផ្សេងៗ ពីសប្បុរសជន ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ពិសេសក្នុងបរិបទជំងឺកូវីដ១៩។
លោក វុធ សាវី បានបន្ថែមថា ស្របពេលការបង្កើតកម្មវិធីសប្បរសធម៍ «ខ្មែរតែមួយបេះដូងតែមួយ» និងស្របពេលការអំពាវនាវតាមបណ្តាញសង្គម និងបណ្តាញ ព័ត៍មាននោះ មានសប្បុរសជនជាច្រើនបានចូលរួមជាថវិកា និងសម្ភារ ហើយលោកក៏បានបញ្ជូនសម្ភារដែលបានមកពីសប្បុរសជន មកចែកជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតនៅក្រុងព្រះវិហារនេះ លោកក៏បានថ្លែងនូវការអរគុណដល់សប្បុរសជនគ្រប់ទិសទី ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួនចូលរួមក្នុង កម្មវិធីសប្បរសធម៍នេះ។
ជាមួយគ្នានេះដែរ លោក វុធ សាវី ក៏បានប្រកាសលេខទូរស័ព្ទជាសាធារណៈ (០៩៦.២៧៥ ៦៤០៣) សម្រាប់ឱ្យប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទំនាក់ទំនងមក ដើម្បីងាយស្រួលឱ្យក្រុមការងារចាត់ចែងនាំអំណោយទៅប្រគល់ជូនដល់ផ្ទះ។
លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ ការពារខ្លួនជានិច្ចកុំឱ្យឆ្លងជំងឺកូវីដ១៩ ពិសេសត្រូវអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំ របស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំនិង៣ការពារ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ១៩៕