(ភ្នំពេញ)៖ យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋចំនួន៧គ្រួសារ រស់នៅក្នុងស្រុកដងទង់ ខេត្តកំពត បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយ ប្តឹងមន្ត្រីពាក់ព័ន្ធមួយចំនួននៅសាលាខេត្តកំពត និងនៅស្រុកដងទង់ ពាក់ព័ន្ធភាពមិនប្រក្រតីពុករលួយក្នុងការផ្ដល់ដីកម្មសិទ្ធិ ខណៈពួកគាត់ជាម្ចាស់ដីកាន់កាប់អាស្រ័យផលពិតប្រាកដមិនទទួលបានដី បែរជាមានឈ្មោះអ្នកផ្សេងដែលជាក្រុមហ៊ុន ជាថៅកែទទួលបានដីទៅវិញ។
យោងតាមពាក្យបណ្ដឹង មន្ត្រីដែលរងនូវបណ្ដឹងរបស់ប្រជាពលរដ្ឋដែលអះអាងថា ជាជនរងគ្រោះនោះរួមមាន ថ្នាក់អភិបាលរងខេត្តកំពត ម្នាក់ គឺលោក បុិល កុសល ជាប្រធានគណៈកម្មការដោះស្រាយ លោក វិត វឌ្ឍនា នាយករដ្ឋបាល សាលាខេត្ត រួមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អភិបាលស្រុកដងទង់ ប្រធានការិយាល័យភូមិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងប្រជាពលរដ្ឋដែលជាអ្នករងគ្រោះបានចោទប្រកាន់មន្ត្រីទាំងអស់ខាងលើបានថា ឃុបឃិបគ្នាជាមួយក្រុមហ៊ុន សេង សម្បត្តិ និងឈ្មួញមួយចំនួនពាក់ព័ន្ធអំពើពុករលួយក្នុងការផ្ដល់ដីកម្មសិទ្ធិទៅឱ្យក្រុមហ៊ុន ខណៈពួកគាត់ដែលជាអ្នកកាន់កាប់អាស្រ័យផល និងជាអ្នកស្នើសុំទៅអាជ្ញាធរតាមលំដាប់លំដោយដើម្បីធ្វើកម្មសិទ្ធិបែរជាមិនបាន។
យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ចូលទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីសុំឱ្យជួយធ្វើការស៊ើបអង្កេតលើករណីភាពមិនប្រក្រតីក្នុងការផ្ដល់កម្មសិទ្ធិដីធ្លីដែលមានទំហំសរុបជាង១២ ហិកតា ដែលក្នុងនោះរួមមានដីចំណីអាងដែលប្រជាពលរដ្ឋគ្រប់គ្រង និងអាស្រ័យផល ផ្ទៃអាងទឹក និងដីប្រជាពលរដ្ឋអាស្រ័យផលនៅតាមបណ្តោយផ្លូវលេខ១៣៥ ត្រូវបានក្រុមហ៊ុនរបស់លោក សេង សម្បត្តិ ដឹកដីចាក់បំពេញយ៉ាង គគ្រឹកគគ្រេង តែអាជ្ញាធរមូលដ្ឋានមិនមានចំណាត់ការអ្វីឡើយ ខណៈដីនេះកំពុងស្ថិតនៅក្នុងវិវាទមិនទាន់ដោះស្រាយចប់ផង។
នៅក្នុងបណ្តឹងរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា លោក វិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត បានទទួលប្រាក់ពីលោក សេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ ចំនួន ៥ម៉ឺនដុល្លារ និងលោក ស៊ីវ ផេង អភិបាលស្រុកដងទង់ បានទទួលលុយឧបត្ថម្ភពីលោក សេង សម្បត្តិ មួយចំនួនផងដែរ។
ប្រជាពលរដ្ឋបានចោទលោក ប៉ិល កុសល អភិបាលរងខេត្តកំពត ទទួលបន្ទុកដីធ្លី និងលោក វិត វឌ្ឍនា ប្រធានរដ្ឋបាលសាលាខេត្តមិនបានធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដែលជាដើមហេតុបណ្តាលឱ្យមានអំពើឃុបឃិតគ្នាជាប្រព័ន្ធ និងមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋក្នុងការផ្ដល់កម្មសិទ្ធិដីធ្លីដែលមានភាពមិនយុត្តិធម៌នេះ។
ប្រជាពលរដ្ឋបានចោទលោក សេង សម្បត្តិ និងអភិបាលស្រុកដងទង់ គឺលោក ស៊ីវ ផេង ថាបានប្រព្រឹត្តអំពើពុករលួយ ឃុបឃិតសូកប៉ាន់ ប្រើអំណាចចេញលិខិតដកហូតដីធ្លីពីប្រជាពលរដ្ឋយកទៅប្រគល់ឱ្យលោក សេង សម្បត្តិ, ចាន់ ស្រីឡែន និង សុខ ហ្គិច ជាដើម។
ទាក់ទងករណីចោទប្រកាន់នេះ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២១នេះ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពីលោក សេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ និងលោកអភិបាលស្រុក សុីវ ផេង បានឡើយ ព្រោះទូរស័ព្ទមិនចូល និងមិនមានលេខទំនាក់ទំនង។ រីឯលោក វិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តជាប់រវល់ប្រជុំ។
លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ដែលរងនូវបណ្ដឹងពីប្រជាពលរដ្ឋបានថ្លែងប្រាប់ Fresh News តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម ឱ្យដឹងថា ការងារហ្នឹងឯកឧត្តម អភិបាលកំពុងធ្វើការ ហើយប៉ុន្មាននាក់ដែលដាក់បណ្ដឹងមកនេះ គឺដោះស្រាយអស់ហើយ នៅសល់តែពីរបីគ្រួសារប៉ុណ្ណឹង គឺគាត់យកឯកសារចាស់ គាត់ចេះតែយកដើរដាក់បណ្ដឹងឱ្យមានគ្នាតែប៉ុណ្ណោះ ហើយល្ងាចនេះ អភិបាលខេត្តនឹងប្រជុំពាក់ព័ន្ធការងារនឹងទៀត។
ដូច្នេះ រឿងពិត និងលទ្ធផលពាក់ព័ន្ធនឹងបណ្ដឹងក៏ដូចជាដំណោះស្រាយយ៉ាងណានោះ សូមសាធារណជនបន្តតាមដានលទ្ធផលកិច្ចប្រជុំរបស់សាលាខេត្តកំពត នៅល្ងាចនេះ ជាបន្តទៀត។ ប៉ុន្តែគេថា រឿងរ៉ាវខាងលើនេះ បើដូចអ្វីដែលប្រជាពលរដ្ឋរៀបរាប់មែននោះ អង្គភាពប្រឆាំងអំពើពុករលួយគួរតែបើកការសើុបអង្កេតរកការពិត តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូចក្រោមល្បិចកន្ទេលធំបន្លំដេក៕