(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា នៅថ្ងៃទី២៤ ខែមីនានេះ បានជួបប្រជុំជាមួយនឹងចៅក្រមព្រះរាជអាជ្ញា ដែលមកពីសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ទូទាំងប្រទេសកម្ពុជា ដើម្បីក្រើនរំលឹកឲ្យចៅក្រម ព្រះរាជអាជ្ញាទាំងនោះ គោរពក្រមសីលធម៌ វិជ្ជាជីវៈស្វែងរក និងផ្តល់នូវយុត្តិធម៌នៅក្នុងសង្គម។
លោករដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា បានថ្លែងថា នេះជាលើកទី១ហើយ ដែលឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានរៀបចំឲ្យមាននូវសិក្ខាសាលា ស្តីពីក្រមសីលធម៌ចៅក្រម ក្នុងគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយ និងការដាក់តឿនក្រើនរំលឹកឡើងវិញ ក៏ដូចជាការជួបជុំ ចៅក្រម ព្រះរាជអាជ្ញា ធ្វើការផ្លាស់ប្តូរនូវមតិ យោបល់ដកស្រង់នូវបទពិសោធន៍ ការពិនិត្យពិភាក្សាដើម្បីស្វែងរកនូវចំណុច វិជ្ជមាននិងអវិជ្ជមាន ក្នុងរយៈពេលជិត១០កន្លងមក ដែលក្រមសីលធម៌នេះ ត្រូវបានឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមសម្រេចអនុម័តដាក់ឲ្យអនុវត្ត។ ក្នុងក្រមខណ្ឌវិជ្ជាជីវៈស្វែងរក និងផ្តល់យុត្តិធម៌នៅក្នុងសង្គម ក្រមសីលធម៌ចៅក្រម បានដើរតួនាទីជាកត្តាចម្បងមួយ ជំរុញឲ្យចៅក្រមទទួលបាននូវសេចក្តីថ្លៃថ្នូរនិងភាពជឿជាក់។
លោករដ្ឋមន្ត្រី បានថ្លែងទៀតថា «ខ្ញុំសង្កេតឃើញថា ចៅក្រម ព្រះរាជអាជ្ញាមួយចំនួន មានការធ្វេសប្រហែសក្នុងវិជ្ជាជីវៈ ដែលជាការទទួលខុសត្រូវរបស់ខ្លួន បានបណ្តែតបណ្តោយឲ្យក្រឡាបញ្ជីពិនិត្យ ចាត់ការលើសំណុំរឿងក្តីផ្សេងៗ ការសាកសួរ និងធ្វើកំណត់ហេតុលើគូភាគី ឬជនត្រូវចោទដោយគ្មានវត្តមានចៅក្រម ឬព្រះរាជអាជ្ញា ការចេញដីកា និងការបញ្ជូនដីកាកោះ ខ្វះការត្រួតពិនិត្យដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ដំណើការនីតិវិធីរឿងក្តី សិទ្ធិនិងផលប្រយោជន៍របស់ពលរដ្ឋ។ ចៅក្រម ព្រះរាជអាជ្ញាមួយចំនួន មិនបានគោរពពេលវេលា នៃការបំពេញការងារ អវត្តមានដោយគ្មានច្បាប់ទម្លាប់ មកបំពេញការងារមិនបានទៀងទាត់ មិនគោរពអំពីវេលាប្រចាំការ។ល។ កត្តាអស់ទាំងនេះបានជះឥទ្ធិពល និងភាពទន់ខ្សោយដល់វិស័យយុត្តិធម៌ ធ្វើឲ្យបាត់ជំនឿទុកចិត្តពីសាធារណជន»។
លោក អង្គ វង្សវឌ្ឍនា បានថ្លែងទៀតថា លោកសូមកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយ ការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ លោកចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង គ្រប់សាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ នៅក្នុងក្រមខណ្ឌទូទំាងប្រទេស ដែលបានបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ ក្នុងការស្វែងរកយុត្តិធម៌ជូនសង្គមជាតិ ប្រកបដោយលទ្ធផលគួរជាទីមោទនៈ។ ចៅក្រម ព្រះរាជអាជ្ញា ភាគច្រើនបានខិតខំយកចិត្តទុកដាក់ អនុវត្តតាមក្រមសីលធម៌ ក្នុងការបំពេញវិជ្ជាជីវៈ និងការគោរពអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិផេ្សងៗជាធរមាន។
លោករដ្ឋមន្ត្រី បានគត់សម្គាល់ឃើញថា រយៈពេលកន្លងមកនេះ ក្នុងក្របខណ្ឌនៃការអនុវត្តវិជ្ជាជីវៈ ក៏នៅមានចៅក្រម ព្រះរាជអាជ្ញាមួយចំនួន ហាក់បីដូចជាបំភ្លេចបាត់ នូវក្រមសីលធម៌ដែលជាប្រទីបបំភ្លឺផ្លូវ និងនំាំមកនូវសេចក្តីថ្លៃថ្នូរ ដល់បុគ្គលជាចៅក្រម និងអង្គចៅក្រមទំាងមូល។ ការធ្លាក់ចុះនៃការអនុវត្តក្រមសីលធម៌នេះ បានធ្វើឲ្យមានការប៉ះពាល់ទៅដល់បុគ្គលជា ចៅក្រម ព្រះរាជអាជ្ញា និងអង្គភាពរបស់ខ្លួន ហើយការធ្លាក់ចុះនេះទៀតសោត ក៏នឹងឈានទៅធ្វើឲ្យបាត់បង់នូវកិត្តិយស ជំនឿទុកចិត្តពីសាធារណៈជនមកលើវិស័យ យុត្តិធម៌យើងទំាងមូលផងដែរ។
លោក អង្គ វង្សវឌ្ឍនា សង្កត់ធ្ងន់ថា «ខ្ញុំស្នើឲ្យចៅក្រម ព្រះរាជអាជ្ញាទាំងអស់ ធ្វើការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅ ទៅលើច្បាប់ និងរាល់លិខិតបទដ្ឋានគតិយុត្តិទាំងឡាយ រួមជាមួយនឹងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌ ដើម្បីលើកកម្ពស់ សីលធម៌វិជ្ជាជីវៈ ក្នុងការស្វែងរកយុត្តិធម៌ជួនសាធារណៈជន ក៏ដូចជាការបង្កើននូវជំនឿជឿជាក់ ប្រកបដោយការទទួលខុសត្រូវ និងសេចក្តីថ្លៃថ្នូរ ដើម្បីឆ្លើយតបទៅនឹងការទុកចិត្តរបស់រាជរដ្ឋាភិបាល»៕