(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ នៅមុននេះបន្តិចបានឲ្យដឹងថា តុលាការបានប្រកាសសាលក្រម សម្រេចដាក់គុកជនជាប់ចោទអ្នកស្រី ឡាយ ហួង និងឧកញ៉ា ខូវ ផល្លាបុត្រ ក្នុងម្នាក់ៗចំនួន២០ឆ្នាំ ដោយគ្មានពិន័យ និងគ្មានសំណងជម្ងឺចិត្ត។
សូមជំរាបថា សំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ភរិយា និងកូនស្រី របស់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដែលមាន អ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លាបុត្រ ជាជនជាប់ចោទនោះ ត្រូវបានតុលាការប្រកាសសាលក្រមនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ។
សំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ភរិយា និងកូនស្រី របស់លោក ស៊ុន ចាន់ថុល ដែលមានអ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លាបុត្រ ជាជនជាប់ចោទនេះ ត្រូវបានតុលាការបើកការជំនុំជម្រះអស់រយៈពេល៤ថ្ងៃ (២៩ ធ្នូ ២០១៥, ២១ ខែមករា, ២៥-២៦ កុម្ភៈ ឆ្នាំ២០១៦)។ ជំនុំជម្រះរយៈពេល ៤ថ្ងៃនេះ តុលាការបានកោះហៅជនជាប់ចោទ ឡាយ ហួង រួមនិងសាក្សីពាក់ព័ន្ធក្នុងសំណុំរឿង ដែលត្រូវបានតុលាការប្រកាន់ដាក់ពន្ធនារគាររួចហើយនោះ រួមមាន៖ អ្នកស្រី សេង ច័ន្ទដា ភរិយាឧកញ៉ា ខូវ ជឺលី សន្តិសុខអ្នកស្រី សេង ច័ន្ទដា ឈ្មោះ សុខ ឡាក់ និង អ្នកបម្រើពីរ រូបទៀត គឺ ច័ន្ទ សុខា និង នាង ស៊ីណាត មកសាកសួរបំភ្លឺផងដែរ។
បន្ទាប់ពីបានសាកសួរចម្លើយជនជាប់ចោទ និងសាក្សី រួមជាមួយនិងវីដេអូជាភស្តុតាងផ្សេងៗ នៅក្នុងសវនាការនាព្រឹកថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៦នេះ លោក សៀង សុខ តំណាងអយ្យការបានធ្វើការសន្និដ្ឋាន និងតម្កល់ការចោទប្រកាន់ទុកជាបានការ ព្រមទាំងស្នើឲ្យចៅក្រមផ្តន្ទាទោស ជនជាប់ចោទ ឡាយ ហួង និង ខូវ ផល្លាបុត្រ ទៅតាមទោសទណ្ឌ ដែលបានចោទប្រកាន់ផងដែរ។ បើទោះបីជាយ៉ាងណាចៅក្រម សាន សុផាត ប្រធានចៅក្រមជំនុំជម្រះ មិនទាន់ប្រកាសសាលក្រមយ៉ាងណានៅឡើយ ដោយបានលើកការប្រកាសនេះទៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។
អ្នកស្រី ឡាយ ហួង ត្រូវបានតុលាការចោទប្រកាន់ថា ពីបទ «ផ្តើមគំនិតក្នុងបទប៉ុនប៉ងរំលោភសេពសន្ធវៈ និងប៉ុនប៉ងឃាតកម្មគិតទុកជាមុន» តាមមាត្រា២៨ និង ២០០ នៃក្រមព្រហ្មទណ្ឌ។ រីឯលោក ខូវ ផល្លាបុត្រ ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងបទប៉ុនប៉ងរំលោភសេពសន្ធវៈ និងប៉ុនប៉ងឃាតកម្មគិតទុកជាមុន» តាមមាត្រា២៩ និង ២០០ នៃក្រមព្រហ្មទណ្ឌ។ តាមបទចោទនេះ ជនជាប់ចោទទាំងពីរប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។
អ្នកស្រី ឡាយ ហួង ត្រូវបានកម្លាំងប៉ូលិសអន្តរជាតិចាប់ខ្លួនពីប្រទេសថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ តាមសំណើរបស់សមត្ថកិច្ចកម្ពុជា បន្ទាប់ពីបានព្យាយាមរត់គេខ្លួនអស់ជាច្រើនឆ្នាំ។ ដោយឡែកជនជាប់ចោទ ខូវ ផល្លាបុត្រ បាននិងកំពុងរត់គេចខ្លួននៅក្រៅប្រទេស។
គួររំលឹកថា កាលពីឆ្នាំ២០១០ មនុស្សមួយក្រុម បានរៀបចំគម្រោងរំលោភ និង សម្លាប់ភរិយា និងកូនស្រី របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល។ នៅរាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០ គ្រាលោក ស៊ុន ចាន់ថុល ជាប់រវល់បំពេញការងារនៅខេត្តមណ្ឌលគិរី មានបុរសម្នាក់ ដោយមានការសហការពីអ្នកបម្រើនៅក្នុងផ្ទះ បានលួចចូលទៅក្នុងផ្ទះ របស់លោក ស៊ុន ចាន់ថុល ប៉ុនប៉ងរំលោភ និង សម្លាប់អ្នកស្រី ស៊ុន សូត្ថា ភរិយា និង កូនស្រី។ ផែនការ ដែលគេចាត់ទុកថា ជារឿងដ៏ អាក្រក់ជូរជាតិ និង ឃោរឃៅបំផុតនេះ មិន បានសម្រេចនោះឡើយ។
សំណុំរឿងប៉ុនប៉ងរំលោភ និងសម្លាប់នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានប្តឹងមនុស្សជាច្រើននាក់ ដែលជាមេផ្តើមគំនិត សម គំនិត និងអ្នកធ្វើសកម្មភាព រួមមាន៖ អ្នកស្រី ឡាយ ហួង ភរិយា ឧកញ៉ា ខូវ ផល្លាបុត្រ, លោកឧកញ៉ា ខូវ ផល្លាបុត្រ, អ្នកស្រី សេង ច័ន្ទដា ភរិយាក្មេងរបស់ឧកញ៉ា ខូវ ជឺលី, អ្នកបម្រើ និង សន្តិសុខ។
ជនជាប់ចោទចំនួន ៤នាក់ហើយ គឺអ្នកស្រី សេង ច័ន្ទដា, អ្នកបម្រើពីរនាក់ និង សន្តិសុខម្នាក់ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារពី ១៨ឆ្នាំ ទៅ២០ឆ្នាំ ហើយសាលក្រម ក៏បានចូលជាស្ថាពរផងដែរ។
សំណុំរឿងប៉ុនប៉ងរំលោភ និងសម្លាប់នេះ កូនប្រុស-ស្រី របស់ឧកញ៉ា ខូវ ជឺលី សុទ្ធតែបានចេញមកបញ្ជាក់ពីទង្វើទុច្ចរិតរបស់អ្នកស្រី សេង ចិន្តា និង អ្នកស្រី ឡាយ ហួង គឺពិតជាបានរួមគំនិតគ្នារៀបចំគម្រោងសម្លាប់ និង រំលោភទៅលើភរិយា និងកូនស្រី របស់លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ ថុល ពិតប្រាកដមែន៕