Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា ឈ្នះមេដាយកើនដល់ ១៧គ្រឿងហើយ ក្នុងព្រឹត្តិការណ៍កីឡា Goodwill Mekong Games នៅថៃ

24-03-2016 15:13

(ភ្នំពេញ)៖ គិតត្រឹមរសៀលថ្ងៃទី២៤ ខែមីនានេះ ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ១៧គ្រឿងហើយ នៅក្នុងប្រកួតនៃព្រឹត្តិការណ៍កីឡា Goodwill Mekong Games 2016 នៅថៃ ដោយក្នុងនោះរួមមាន មេដាយមាសរហូតដល់ទៅ ១១គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ៣គ្រឿង។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឲ្យដឹងមុននេះបន្ដិចថា «ក្រុមកីឡាប្រពៃណី កម្ពុជា ផ្នែកកីឡាចងជើងគ្នារត់ប្រណាំង គឺទើបដណ្ដើមបានមេដាយមាស ២គ្រឿងបន្ថែមទៀត ហើយបើសរុបតាំងពីម្សិលមិញ និងព្រឹកមិញ ពេលនេះកម្ពុជាដណ្ដើមបានមេដាយ ១៧គ្រឿងហើយ»

លោកបន្ដថា មេដាយសរុបទាំង ១៧គ្រឿង ដែលក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ដណ្ដើមបានជូនជាតិពីការប្រកួត កីឡាប្រចាំតំបន់តាមដងទន្លេមេគង្គនេះ គឺដណ្ដើមបានគ្រប់ប្រភេទកីឡា ដែលកម្ពុជាបានបញ្ជូនទៅចូលរួមដូចជា៖ កីឡាវាយសី ដណ្ដើមបានមេដាយមាស៤គ្រឿង និងមេដាយប្រាក់ ១គ្រឿងច្រើនជាងគេ។

រីឯក្រុមកីឡាវាយកូនឃ្លីលើតុ ដណ្ដើមបានមេដាយមាស ២គ្រឿង និងមេដាយប្រាក់ ១គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនីប៉េតង់ ដណ្ដើមបានមេដាយមាស ២គ្រឿង និងមេដាយប្រាក់ ១គ្រឿងដូចគ្នា។ ចំណែកក្រុមកីឡាប្រពៃណី ផ្នែកកីឡាចងជើងគ្នារត់ប្រណាំង គឺទើបដណ្ដើមបានមេដាយមាស ២គ្រឿង ព្រោះនៅសល់វិញ្ញាសាប្រកួតទៀត។

ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិអាយក្រោម ១៩ឆ្នាំកម្ពុជា (U-19) ក៏ដណ្ដើមបានមេដាយមាស ១គ្រឿង កាលពីព្រឹកមិញផងដែរ បន្ទាប់ពីឆ្លងកាត់ប្រកួត ៣ប្រកួត ឈ្នះ២ និងស្មើ១ មិនដែលចាញ់ ខណៈប្រកួតចុងក្រោយ គឺបានយកឈ្នះក្រុម Bokeo Province Football Club របស់ឡាវ ដើម្បីឈ្នះមេដាយមាសតែម្ដង រីឯក្រុមកីឡា សីប៉ាក់តាក្រ ដណ្ដើមបានត្រឹមមេដាយសំរឹទ្ធ ១គ្រឿងប៉ុណ្ណោះ។

ទោះជាយ៉ាងណាលោក ប៊ូ ជុំសេរី នៅមិនទាន់បញ្ជាក់ពីចំណាត់ថ្នាក់រួម ដែលក្រុមអត្តពលិកកម្ពុជា ធ្វើបានក្នុងការប្រកួត កីឡា Goodwill Mekong Games 2016 នោះទេ ព្រោះគណៈកម្មការមិនទាន់បូកសរុបនៅឡើយ ប៉ុន្ដែការប្រកួតក៏មិន ទាន់បញ្ចប់ទាំងស្រុងដែរ ពោលគឺគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៦ ខែមីនាខាងមុខ ដូច្នេះមេដាយ ក៏មិនទាន់បញ្ចប់ត្រឹម ១៧គ្រឿងនេះដែរ៕