(កំពង់ធំ)៖ សប្បុរសជនមួយក្រុមដឹកនាំដោយលោក ចេង ឃីម បាននាំយកបច្ច័យ ទានវស្សា រួមទាំងសម្ភារការពារជំងឺកូវីដ១៩ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំ ប្រគេនជូនវត្តខ្សាច់ជុល ហៅវត្តក្ដីចារ ស្ថិតនៅឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ព្រមទាំងឧបត្ថម្ភដល់ពលរដ្ឋ និងអាជ្ញាធរឃុំផាន់ញើម ផងដែរ។
ស្ថិតនៅក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២១ ម្សិលមិញ លោក ចេង ឃីម បានឲ្យដឹងថា ដោយសារតែមានចិត្តចង់ជួយ និងលើកតម្កើនវិស័យព្រះពុទ្ធសាសនា ហើយណាមួយវត្តក្ដីចារនេះ កំពុងជួបកង្វះខាត ទើបលោកបានប្រមូលថវិកាពីសប្បុរសជននានា បានប្រាក់ ៣លាន ១៥ម៉ឺនរៀល មកប្រគេនជូនវត្តក្ដីចារ ដើម្បីកសាងសាលាឆាន់ ខណ:លោកធ្លាប់បានជួយជាបន្តបន្ទាប់ដូចភ្លៀងរលឹម ហើយបានប្រគេននូវទានវស្សាមួយគូរ, ទឹកសុទ្ធ២កេស, ភេស្ជៈ២កេស, អាល់កុល១កាន, ម៉ាស១កេស និងមី ១កេសធំ។
លោកបានបន្តថា មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏បានចែកម៉ាសជូនលោកយាយលោកតា ពុទ្ធបរិស័ទផងដែរ ដើម្បីចូលរួមការពារខ្លួនជម្ងឺកូវីដ ព្រមទាំងបាននាំយកអាល់កុល ១កាន និងម៉ាសចំនួន ១កេសធំ យកទៅជូនមេឃុំផាន់ញើម ដើម្បីចែកជូនពលរដ្ឋផងដែរ។
លោកក៏បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់ផងដែរ ពីសារៈសំខាន់នៃការចូលរួមអនុវត្តន៍តាមវិធានការ «៣ការពារ និង៣កុំ» ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មិនឱ្យឆ្លងតទៅមុខទៀត៕