(ភ្នំពេញ)៖ ការស្តារប្រឡាយបឹងទំពន់ ដែលមានប្រវែងជិត ៤គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥ នៃរាជធានីភ្នំពេញ ពេលនេះបានឈានមកដល់ទីបញ្ចប់ ១០០ភាគរយហើយ ក្រោយពីក្រុមការងារបានធ្វើសកម្មភាពស្តារអស់រយៈពេល៤ខែរួចមក ដោយស្តារសំរាម និងស្មៅបណ្តែតទឹកបានជាង២៥០០ឡាន ស្មើនឹងជាង១ម៉ឺន ២ពាន់ម៉ែត្រគូប។
បើតាមលោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះថា ដោយមានការយកចិត្តទុក្ខដាក់ និងការចង្អុលណែនាំពីលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការស្តារប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយបឹងទំពន់ បញ្ចប់ ១០០ភាគរយហើយ ក្រោយពីបានធ្វើសកម្មភាពស្តារអស់រយៈពេល៤ខែ ដេីម្បីរំដោះទឹកភ្លៀងនារដូវវស្សានេះ។
លោក ដួង ចាន់សារ៉ាត់ បានបន្តថា «ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រ ទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១។
ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ហើយបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ ខែកក្កដា ដោយស្តារសំរាម និងស្មៅបណ្តែតទឹកបាន ២៥១០ឡាន ស្មើ ១២,០៥០ម៉ែត្រគូប។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិ៍សែនជ័យ, ខណ្ឌសែនសុខ ខណ្ឌទួលគោក និងមួយផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ ៧មករា»។
លោក ដួង ចាន់សារ៉ាត់ ក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕