(កូឡុំបូ)៖ នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe នៅមុននេះបន្តិចបានអំពាវនាវឲ្យ សហគមន៍អន្តរជាតិរៀបចំកិច្ចប្រជុំរួមគ្នាជាបន្ទាន់មួយ ដើម្បីពិភាក្សាពីការវាយប្រហារដោយអំពើភេរវកម្ម ដ៏កក្រើកជុំវិញពិភពលោក បន្ទាប់ពីការវាយប្រហារដ៏អាក្រក់ក្រៃលែងនៅ ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃអង្គារ។ នេះបើតាមការផ្សាយដោយស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ ២០១៦។
ក្រៅពីការអំពាវនាវនេះលោកនាយករដ្ឋមន្ត្រីខាងលើ ក៏បានផ្ញើសាររំលែកទុក្ខដល់នាយករដ្ឋមន្ត្រីប៊ែលហ្សិក លោក Charles Michel ជុំវិញការបាត់បង់អាយុជីវិតប្រជាជនស្លូតត្រង់ចំនួន ៣៤នាក់ និង អ្នករបួសជាង ៣០០នាក់ផ្សេងទៀត។ ស្រីលង្កា ពិតជាយល់ច្បាស់ពីផលលំបាករបស់សហគមន៍អន្តរជាតិ និង ជាពិសេស គឺខ្លួនឯងផ្ទាល់ ដែលធ្លាប់ទទួលរងការវាយប្រហារដ៏អាក្រក់នៃអំពើភេរវកម្មផងដែរនោះ។
គួរបញ្ជាក់ថា ការវាយប្រហារនៅទីក្រុង ព្រុចសែល បានធ្វើឡើងទៅលើព្រលានយន្តហោះអន្តរជាតិ និង ស្ថានីយ៍រថភ្លើងក្រោមដី ដោយបណ្តាញក្រុម ISIS ចំនួនពីរនាក់បានបំផ្ទុះគ្រាប់បែកអត្តឃាត។ ដោយឡែក សមាជិកទីបីនៅក្នុងប្រតិបត្តិការនោះ បានបរាជ័យក្នុងការបំផ្ទុះខ្លួនឯង ហើយអាជ្ញាធរបែលហ្ស៊ិកកំពុងតែ តាមចាប់ខ្លួននៅឡើយរហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ៕